ព័ត៌មានជាតិ

គិត​ត្រឹម​ល្ងាចថ្ងៃ៣១ កក្កដា រដ្ឋបាល​រាជធានី​ ទទួលបានថវិកាជាង ១ពាន់លានរៀល​ និងប្រាក់ដុល្លារជាង៣៥ម៉ឺនដុល្លារ ពីសប្បុរសជន,ប្រជាពលរដ្ឋ និងមន្ត្រីរាជការ

‎ភ្នំពេញ៖​ គិត​ត្រឹម​ម៉ោង៦ល្ងាចថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២៥ រដ្ឋបាល​រាជធានី​ភ្នំពេញ ​បន្តទទួល​អំណោយពីសប្បុរសជននានា និងប្រជាពលរដ្ឋ មន្ត្រីរាជការក្នុងរាជធានីភ្នំពេញ បានចំនួនជាង១ពាន់លានរៀល និងប្រាក់ដុល្លារជាង៣៥ម៉ឺនដុល្លារ ដើម្បីបន្តយកទៅចែកជូន ដល់វីរកងទ័ពជួរមុខ និងពលរដ្ឋកំពុងជម្លៀសខ្លួន ដោយជម្លោះប្រដាប់អាវុធ បង្កឡើងដោយទាហានថៃ ឈ្លានពានមកលើដែនអធិបតេយ្យភាពកម្ពុជា។

ការប្រគល់តាំងពីព្រឹករហូតដល់ល្ងាចថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២៥នេះ ធ្វើឡើងក្រោមវត្តមាន លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ​ និងអភិបាលរងរាជធានីភ្នំពេញ ​និងមន្ត្រីនៃរដ្ឋបាលរាជធានីភ្នំពេញ នៅទីតាំងសាលារាជធានីភ្នំពេញផ្ទាល់តែម្តង ។

តាមរយៈលោកស្រី​ ដោ សម្ផស្ស អ្នកនាំពាក្យរដ្ឋបាលរាជធានីភ្នំពេញបាន​ ឱ្យដឹងថា‎ គិត​ត្រឹម​ម៉ោង​ ១៨និង០០នាទី ថ្ងៃទី៣១​ ខែកក្កដា ឆ្នាំ២០២៥ ថវិកាបានកើនឡើងដល់ចំនួន១.១៤១.៨២៥.៩១២​ រៀល​ និង៣៥១.៣៩២,០០​ ដុល្លារ​អាមេរិក​ ព្រមទាំងមានសម្ភារគ្រឿង​ឧបភោគ​បរិភោគ​ ថ្នាំ​ពេទ្យ​ សម្ភារ​ផ្សេងៗ​ជាច្រើនមុខ​ទៀត។

ផ្ទាំងពាណិជ្ជកម្ម

ក្នុងនោះលោកស្រី ដោ សម្ផស្ស បានគោរព​ថ្លែងអំណរគុណ នូវ​ទឹកចិត្តសប្បុរសធម៌របស់បងប្អូន​ប្រជាពលរដ្ឋ​ ក្នុង​ស្មារតី​ខ្មែរ​ជួយ​ជាតិខ្មែរ​ ខណៈដែលលោកស្រី ចាត់ទុកសកម្មភាពនេះ ជាការបង្ហាញឱ្យឃើញពីស្មារតីស្នេហាជាតិជាធ្លុងមួយ របស់បងប្អូនប្រជាពលរដ្ឋកម្ពុជាទាំងអស់ នៅសមូរភូមិក្រោយ គាំទ្រនិងលើកទឹកចិត្ត ដល់វីរកងទ័ពជួរមុខ ដែលបាននឹងកំពុងខិតខំតស៊ូ ការពារបន្ទាត់ព្រំដែនកម្ពុជា-ថៃ ប្រកបដោយភាពក្លាហាន មុះមុត ប្រឆាំង នឹងសត្រូវឈ្លានពាន ក្រោមការដឹកនាំរបស់សម្ដេចតេជោហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី និងបន្តមកសម្តេចធិបតី ហ៊ុន ម៉ាណែត ជានាយកដ្ឋមន្ត្រីនាពេលបច្ចុប្បន្ន។

លោកស្រី​ ដោ សម្ផស្ស បានឱ្យដឹងទៀតថា៖ សម្រាប់ខឿនការពារជាតិប្រជាជន បងប្អូនប្រជាពលរដ្ឋយើង បានចូលរួមយ៉ាងសស្រាក់សស្រាំ ជាមួយសាលារាជធានីភ្នំពេញ ដើម្បីជាកិច្ចឆ្លើយតប ជាមួយនឹងការលះបង់សាច់ស្រស់ ឈាមស្រស់ របស់វីរៈកងទ័ពជួរមុខ ក្នុងកិច្ចការពារបូរណភាពទឹកដីកម្ពុជា ពីចោលឈ្លានពានថៃ ជាមួយនឹងការចូលរួមរំលែក ការលំបាករបស់បងប្អូនប្រជាពលរដ្ឋ ដែលជាជនភាសឹក ដែលកំពុងតែជ្រូកកោន នៅតាមទីតាំងសុវត្ថិភាពនានា។ ទាំងអស់នេះគឺជាទឹកចិត្ត របស់បងប្អូនប្រជាពលរដ្ឋខ្មែរ ក្នុងស្មារតីសមមរភូមិក្រោយ ជួយសមរភូមិមុខ,ស្មារតីខ្មែរជួយខ្មែរ។ បងប្អូន​សប្បុរសជននានា និងប្រជាពលរដ្ឋ មន្ត្រីរាជការក្នុងរាជធានីអាច​បន្ត​ចូលរួម ​បរិច្ចាគ​ជា​បន្តបន្ទាប់​ទៀត​ បានដោយរដ្ឋបាលរាជធានីភ្នំពេញ បានចាត់តាំងក្រុមការងារចាំទទួល សំភារៈនិងថវិកាតាមរយះQR Code។

ឆ្លៀតក្នុងឱកាសនេះ លោក ឃួង ស្រេង បានថ្លែង​អំណរគុណ​​យ៉ាង​ជ្រាលជ្រៅ​បំផុត​ ចំពោះ​ទឹក​ចិត្ត​សប្បុរសជន បងប្អូន​ប្រជាពលរដ្ឋ​ និងមន្ត្រីរាជការ ដែលបាននិងកំពុង​ផុសផុល​ មកចូលរួម​ឧបត្ថម្ភ​ ដល់​វីរកងទ័ព​ជួរមុខ​ និង​ក្រុម​គ្រួសារ​ប្រជាពលរដ្ឋ​ ដែល​កំពុងស្នាក់នៅទីកន្លែង​សុវត្ថិភាព​ ដែលនេះពិតជាបានបង្ហាញ ពីសាមគ្គីភាពជាធ្លុងមួយ ​ខ្មែរ​ស្រលាញ់​ខ្មែរ​៕

To Top