ភ្នំពេញ ៖ សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រី នៃកម្ពុជា បានលើកឡើងថា អាមេរិក បញ្ចុះពន្ធលើទំនិញនាំ ចេញពីកម្ពុជា ទៅអាមេរិក ត្រឹម ១៩% គឺជាដំណឹងដ៏ល្អសម្រាប់ប្រជាពលរដ្ឋ ដើម្បីបន្ដអភិវឌ្ឍន៍ប្រទេសជាតិ តទៅមុខទៀត។
តាមរយៈបណ្ដាញសង្គមផ្លូវការ នាព្រឹកថ្ងៃទី១ ខកក្កដា ឆ្នាំ២០២៥ សម្ដេចធិបតី ហ៊ុន ម៉ាណែត គូសបញ្ជាក់ថា «សហរដ្ឋអាមេរិកបានសម្រេចបញ្ចុះពន្ធលើទំនិញនាំចេញពីកម្ពុជាទៅកាន់សហរដ្ឋអាមេរិកមកត្រឹម ១៩% (គឺថយចុះ ៣០% ប្រៀបធៀបជាមួយអត្រាពន្ធពីដំបូង ៤៩%)។ នេះជាដំណឹង ដ៏ល្អសម្រាប់ប្រជាពលរដ្ឋ និងសេដ្ឋកិច្ចរបស់កម្ពុជា ដើម្បីបន្តអភិវឌ្ឍន៍ប្រទេសជាតិតទៅមុខ»។
សម្ដេច នាយករដ្ឋមន្ដ្រីកម្ពុជា ក៏បានអរគុណ លោកប្រធានាធិបតី Donald Trump ដែលលោក បានយកចិត្តទុកដាក់ដោយផ្ទាល់ នៅក្នុងការផ្ដួចផ្ដើមនិងជំរុញឲ្យមានការឈប់បាញ់គ្នារវាងកងទ័ពកម្ពុជានិងកងទ័ពថៃ និងបន្តតាមដានការ អនុវត្តបទឈប់បាញ់ ដោយផ្ទាល់ រហូតដល់មានសន្តិភាពជាអចិន្ត្រៃយ៍ និងប្រក្រតីភាព នៃទំនាក់ទំនង រវាងកម្ពុជា-ថៃ នៅពេលខាងមុខ។ បន្ថែមលើនេះ លោកប្រធានាធិបតីក៏បានផ្ដល់ នូវការយោគយល់សម្រាប់កម្ពុជា ដោយបានផ្ដល់ នូវឱកាសក្នុងការបន្តពង្រឹងការអភិវឌ្ឍន៍សេដ្ឋកិច្ច និងទំនាក់ទំនងពាណិជ្ជកម្មរវាងកម្ពុជា និងសហរដ្ឋអាមេរិកបន្តទៅទៀត។
នៅក្នុងអំឡុងពេលដែលខ្ញុំបានសន្ទនា តាមទូរសព្ទជាមួយលោក ធានាធិបតី Donald Trump កាលពីថ្ងៃទី ២៦ និង ២៨ កក្កដាកន្លងទៅនេះ សម្ដេច នាយករដ្ឋមន្ដ្រី បានបញ្ជាក់អំពីសារៈសំខាន់នៃសន្តិភាព និងការអភិវឌ្ឍន៍នៃប្រទេសកម្ពុជា ដោយសារកម្ពុជា ទើបងើបពីសង្គ្រាមរ៉ាំរ៉ៃនៅក្នុងប្រទេសជាង ៥០០ឆ្នាំមកហើយ។ នៅក្នុងឱកាសនោះ ខ្ញុំក៏បានស្នើសុំឲ្យ ឯកឧត្តមប្រធានាធិបតី ផ្ដល់ការយោគយល់ផងដែរ សម្រាប់បន្ធូរអត្រាពន្ធលើ ទំនិញនាំចូលពីកម្ពុជា អោយនៅត្រឹមអត្រាទាបណាមួយ ដែលជួយឲ្យកម្ពុជាមានឱកាសបន្តអភិវឌ្ឍន៍ ប្រទេសជាតិនិងលើកស្ទួយជីវភាព រស់នៅរបស់ប្រជាជនកម្ពុជា។
លោក Donald Trump បានបង្ហាញនូវការការចាប់អារម្មណ៍យ៉ាងខ្លាំងពាក់ព័ន្ធជាមួយប្រវត្តិសាស្ត្រដ៏ជូរចត់របស់កម្ពុជា ក៏ដូចជាសមានចិត្តនៅក្នុងការ ជួយដល់ប្រជាជនកម្ពុជាអោយមានសន្តិភាព ក៏ដូចជាជួយឲ្យកម្ពុជាមាន ឱកាសបន្តអភិវឌ្ឍន៍ប្រទេសបន្តទៀត។ ចំពោះការស្នើសុំរបស់ សម្ដេច ពាក់ព័ន្ធនឹងការយោគយល់អំពីអត្រាពពន្ធ ឯកឧត្តមប្រធានាធិបតីបានប្រាប់ខ្ញុំ កាលពីថ្ងៃទី ២៨ កក្កដា ថានឹងពិនិត្យសម្រេច ដោយឯកឧត្តមបានប្រាប់ខ្ញុំថា នឹងធ្វើឲ្យកម្ពុជារីករាយសប្បាយចិត្ត (will make you happy)។ សម្ដេច ថា «ថ្ងៃនេះគឺ ឯកឧត្តម បានសម្រេចបញ្ចុះអត្រាពន្ធ លើទំនិញនាំចេញពីកម្ពុជាទៅកាន់សហរដ្ឋអាមេរិកមកនៅត្រឹម ១៩%»។
សម្ដេចធិបតី ហ៊ុន ម៉ាណែត ក៏បានយកឱកាសនេះធ្វើការកោតសរសើរ ចំពោះក្រុមការងារចរចាពន្ធបដិការ ជាមួយសហរដ្ឋអាមេរិក ដែលដឹកនាំដោយលោក ឧបនាយករដ្ឋមន្ត្រី ស៊ុនចាន់ថុល និងបណ្ដាអ្នកពាក់ព័ន្ធទាំងអស់ ដែលបានខិតខំប្រឹងប្រែងក្នុងការចរចាពន្ធបដិការ ជាមួយសហរដ្ឋអាមេរិក ដោយទទួលបាននូវលទ្ធផលល្អប្រសើរ នៅពេលនេះ៕
