ភ្នំពេញ ៖ លោកឧបនាយករដ្ឋមន្រ្តី ស៊ុន ចាន់ថុល អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានថ្លែងឱ្យដឹងថា លោក ដូណាល់ ត្រាំ ប្រធានាធិបតីអាមេរិក សម្រេចទម្លាក់អត្រាពន្ធបដិកា លើការនាំចូលទំនិញកម្ពុជា មកនៅត្រឹម ១៩% នោះ គឺកម្ពុជា ចុះច្រើនជាងគេនៅទូទាំងពិភពលោក។
គួរបញ្ជាក់ថា ក្រោមការខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលកម្ពុជា ធ្វើឱ្យការចរចាពន្ធបដិកាជាមួយអាមេរិក សម្រេចបាលទ្ធផលល្អដោយ ប្រធានាធិបតីមេរិក បានសម្រេចទម្លាក់ អត្រាពន្ធបដិកា សម្រាប់ការនាំចូលទំនិញ ពីកម្ពុជាពី៣៦% មកនៅ ១៩ប៉ុណ្ណោះ។
ក្នុងសន្និសីទសារព័ត៌មាន ស្តីពីលទ្ធផលនៃអត្រាពន្ធគយបដិការរវាងកម្ពុជា និងអាមេរិក នៅព្រឹកថ្ងៃទី១ ខែសីហា ឆ្នាំ២០២៥ លោកឧបនាយករដ្ឋមន្រ្តី ស៊ុន ចាន់ថុល បានបញ្ជាក់ថា ពាក់ព័ន្ធពន្ធបដិកានេះដែរ ប្រទេសវៀតណាម ៤៦% ចុះមក ២០%, ប្រទេសថៃ ៣៦% ចុះមក ១៩%។ ដូច្នេះ កម្ពុជា គឺអត្រានៃការចុះ គឺ ៣០ពិន្ទុ គឺច្រើនជាងគេ នៅក្នុងពិភពលោក។
លោកឧបនាយករដ្ឋមន្រ្តី គូសបញ្ជាក់ថា «ថ្ងៃនេះ យើងទទួលបានពន្ធបដិការ ១៩% ចឹងបើយើងមើលទំហំអត្រាការចុះនេះ គឺចុះ ៣០ពិន្ទុ មកពី៤៩% មកដល់ ១៩% យើងចុះបាន ៣០ពិន្ទុ ក៏ប៉ុន្ដែបើប្រៀបធៀបជាភាគរយនៃការចុះ គឺចុះ ៦១.២% ចុះច្រើនជាងគេទូទាំងពិភពលោក»។
សូមរំលឹកថា ដំបូងឡើយ អាមេរិក បានដាក់ពន្ធបដិការសម្រាប់កម្ពុជា ៤៩% បន្ទាប់ពីការចរចា បានសម្រេចបន្ថយមក ៣៦% និងពេលនេះបានបន្ថយមក ១៩%។
ក្រុមការងារចំពោះកិច្ចសម្របសម្រួលពាណិជ្ជកម្មនិងវិនិយោគទ្វេភាគីកម្ពុជា-សហរដ្ឋអាមេរិកដែលមាន លោក ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី លោកស្រី ចម និម្មល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម ជាអ្នកដឹកនាំការចរចា ក្រោមការដឹកនាំប្រកបដោយចក្ខុវិស័យវែងឆ្ងាយ ថាមពលនិងឈ្លាសវៃរបស់ សម្តេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី បានសម្រេចនូវលទ្ធផលដ៏ល្អសម្រាប់ជាតិ និងប្រជាជនកម្ពុជា៕
