ព័ត៌មានជាតិ

អាមេរិកបញ្ចុះពន្ធមក១៩% នឹងជួយកម្ពុជា រក្សានិងបង្កើត រោងចក្រថ្មីៗថែមទៀត

ភ្នំពេញ ៖ លោកឧបនាយករដ្ឋមន្រ្តី ស៊ុន ចាន់ថុល អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានមានប្រសាសន៍ថា សហរដ្ឋអាមេរិក បានសម្រេចបញ្ចុះអាត្រាពន្ធ បដិកាលើការនាំចូលទំនិញកម្ពុជា មកនៅត្រឹម១៩%នេះបានធ្វើឲ្យកម្ពុជា ពង្រីករោងចក្របន្ថែមទៀត ដើម្បីទាក់ទាញវិនិយោគចម្រុះជាតិសាសន៍ ។

ក្នុងសន្និសីទសារព័ត៌មាន ស្តីពីលទ្ធផល នៃអត្រាពន្ធគយបដិការរវាងកម្ពុជា-អាមេរិក នៅព្រឹកថ្ងៃទី១ ខែសីហា ឆ្នាំ២០២៥ ឧបនាយករដ្ឋមន្រ្តី ស៊ុន ចាន់ថុលបានថ្លែងថា ការទម្លាក់ពន្ធមកដល់ត្រឹម១៩%នេះ មិនត្រឹមតែអាចរក្សារោងចក្រ ដែលមានស្រាបនោះទេ ប៉ុន្តែនឹងធ្វើឲ្យកម្ពុជា ពង្រីករោងចក្រថ្មីៗបន្ថែមទៀត ។

អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាគូសបញ្ជាក់ថា “អាត្រាពន្ធគយ១៩%នេះ បានធ្វើឲ្យកម្ពុជាប្រកួតប្រជែងជាមួយប្រទេសជិតខាងបានទាំងអស់ ។ អាត្រានេះយើងនឹងអាចថែរក្សា ថែរក្សារោងចក្រនៅកម្ពុជាយើង ហើយនឹងពង្រីកនូវរោងចក្រ ដែលមានស្រាប់ឲ្យរីកបន្ថែមទៀត ទាក់ទាញអ្នកវិនិយោគ បន្ថែមទៀត ដើម្បីផលប្រយោជន៍ប្រទេសយើង” ។

លោកបន្តថា ការផ្តល់ផលប្រយោជន៍នេះ តាមរយៈការបង្កើតការងារ ដល់ប្រជាពលរដ្ឋខ្មែរគ្រប់ៗគ្នា ។ ជាមួយនឹងការបញ្ចុះពន្ធដល់កម្ពុជា រហូតដល់១៩%នេះហើយ ទើបឯកឧត្តមឧបនាយករដ្ឋមន្រ្តី ស៊ុន ចាន់ថុល បានអំពាវនាវឲ្យប្រជាពលរដ្ឋខ្មែរដែលធ្វើចំណាកស្រុកទៅធ្វើការ នៅក្រៅប្រទេសមកធ្វើការ នៅកម្ពុជាវិញ ព្រោះចាប់ពីថ្ងៃនេះទៅ ការងារនៅកម្ពុជាមិនខ្វះនោះទេ ដោយសាររាជរដ្ឋាភិបាល នឹងពង្រីកបន្ថែមតាមរយៈការបង្កើតរោងចក្រនានា ។
លោកសង្កត់ធ្ងន់ដែរថា កាលណាបើពលរដ្ឋខ្មែរចេញទៅធ្វើការនៅក្រៅប្រទេសច្រើន ពោលគឺអត់បានជួយដល់សេដ្ឋកិច្ចកម្ពុជានោះទេ ។

បន្ថែមពីលើនេះទៀត លោក ស៊ុន ចាន់ថុលក៏បានស្នើឲ្យក្រុមអ្នកវិនិយោគទាំងបរទេសនិងខ្មែរ ត្រូវជឿទុកចិត្តមកលើរាជរដ្ឋាភិបាល ព្រោះរាជរដ្ឋាភិបាលបានខិតខំប្រឹងប្រែង ដើម្បីរកផលប្រយោជន៍ដល់ក្រុមវិនិយោគមិនថា តែវិនិយោគបរទេសឬខ្មែរនោះទេ ។

បើតាមលោក ស៊ុន ចាន់ថុល ទោះបីជាអាមេរិកបានបញ្ចុះ១៩% ក៏ដោយ ប៉ុន្តែប្រមុខរាជរដ្ឋាភិបាលកម្ពុជា នៅតែមានមហិច្ចតាខិតខំបន្ថែមទៀត ដើម្បីធ្វើយ៉ាងណាចរចាជាមួយភាគីអាមេរិកបន្តទៀត ដើម្បីកាត់បន្ថយពន្ធឲ្យបានទាបបំផុត ទៅលើវិស័យអាទិភាព ដូចជាផ្នែកវាយភណ្ឌកាត់ដេរជាដើម៕

To Top