ភ្នំពេញ ៖ លោក ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្រ្តី និង ជាអនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាបានថ្លែងថា ក្រុមអាការចរណ៍កម្ពុជា នឹងចរចាទិញយន្តហោះ Boeing 737MAX 8 ពីសហរដ្ឋអាមេរិក ចំនួន១០គ្រឿង ខណៈគម្រោងនៃការចុះកិច្ចព្រមព្រៀង បញ្ជាក់ពីការទិញពិតប្រាកដ អាចនៅចន្លោះខែសីហា ឆ្នាំ២០២៥នេះ ។
លោក ស៊ុន ចាន់ថុល បានលើកឡើងក្នុងសន្និសីទសារព័ត៌មានស្តីពី លទ្ធផលនៃអត្រាពន្ធគយបដិការរវាងកម្ពុជា និងអាមេរិក នាថ្ងៃទី១ ខែសីហា ថា កម្ពុជានឹងទិញយន្តហោះពីសហអាមេរិកចំនួន១០គ្រឿង ក្នុងជំហានដំបូង បន្ទាប់មកនឹងមានជម្រើសអាចទិញ១០គ្រឿងបន្ថែមទៀតនាពេលខាងមុខ។
លោកថា ការបញ្ជាទិញយន្តហោះ ប្រភេទ Boeing 737MAX 8 ចំនួន១០គ្រឿងពីអាមេរិកអាចនឹងដឹកមកដល់កម្ពុជាអំឡុងឆ្នាំ២០៣១ ព្រោះរោងចក្រយន្តហោះមានការបញ្ជាទិញច្រើន។
លោកគូសបញ្ជាក់ថា «ក្រុមហ៊ុនអាកាសចរណ៍ Air Cambodia នឹងចរចាទិញ Boeing 737MAX 8 ចំនួន១០គ្រឿង ហើយមានជម្រើស អាចទិញ១០គ្រៀងថែមទៀត ។ តែឥឡូវកំពុងចរចា ។ ហើយសង្ឃឹថា ខែ៨នេះ អាចចុះកិច្ចព្រមព្រៀងមួយ បញ្ជាក់ពីការទិញ” ។
សូមបញ្ជាក់ថា យន្តហោះ Boeing 737 MAX 8 ជាយន្តហោះរាងតូច ដែលគេស្គាល់ថាមានប្រសិទ្ធភាព និងកម្រិតស៊ីសាំងតិច ។ ជាធម្មតាវាផ្ទុកអ្នកដំណើរបានចំនួន ១៨៩ ទៅ២១០នាក់ ក្នុងការកំណត់រចនាសម្ព័ន្ធស្តង់ដារពីរ ។ Boeing 737 MAX 8 មានកម្ពស់ ១២.៣ម៉ែត្រ និងមានប្រវែង ៣៩,៥ ម៉ែត្រ ទទឹងស្លាបប្រវែង ៣៥,៩ ម៉ែត្រ និងអាចផ្ទុកទម្ងន់ហោះឡើងអតិបរមា ៨២ ១៩០ គីឡូក្រាម ។ មានល្បឿនជាមធ្យមប្រមាណជា ៨៤០គីឡូម៉ែត្រក្នុងមួយម៉ោង និងអាចហោះហើរក្នុងរយៈកម្ពស់អតិបរមា១២៥០០ម៉ែត្រ ។ អាចផ្ទុកសាំងបានចំនួន ២៥ ៨០០លីត្រ (ស្តង់ដារ)។ សម្រាប់តម្លៃនៃយន្តហោះ Boeing 737 MAX អាចប្រែប្រួល ប៉ុន្តែសម្រាប់ប្រភេទ 737 MAX 8 ធម្មតាមានតម្លៃប្រហែល ១២០លានដុល្លារក្នុង ១គ្រឿង ៕
