ព័ត៌មានជាតិ

នាយកដ្ឋានពេទ្យការងារ នៃក្រសួងការងារ សហការជាមួយអង្គការ អាហ្វីដាប្រចាំកម្ពុជា រៀបចំសិក្ខាសាលាផ្សព្វផ្សាយពី «ការយល់ដឹង អំពីសារធាតុអាសបេស្តុស ដល់សមាគមនិយោជក»

ភ្នំពេញ៖ នាយកដ្ឋានពេទ្យការងារ នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ សហការជាមួយអង្គការអាហ្វីដាប្រចាំកម្ពុជា (APHEDA) បានរៀបចំសិក្ខា​សាលា​ផ្សព្វ​ផ្សាយស្តីពី «ការយល់ដឹងអំពីសារធាតុអាសបេស្តុស» ដល់សមាគមនិយោជក រយៈពេលពីរថ្ងៃនៅសណ្ឋាគារ Fairfield by Marriott Phnom Penh និងសណ្ឋា​គារកាំបូ​ឌីយ៉ាណា ចាប់ពីថ្ងៃទី៣០ ដល់ថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២៥។

កម្មវិធីសិក្ខាសាលានេះ ត្រូវបានរៀបចំឡើងក្រោមអធិបតីភាពលោក​ ហ៊ុយ ហានសុង រដ្ឋលេខាធិការក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ និងថ្នាក់ដឹកនាំនៃក្រសួងការងារ និងបណ្ដុះ​បណ្ដាលវិជ្ជាជីវៈ ដែលមានវាគ្មិនកិត្តិយសលោកស្រី Julia Collin នាយិកាទីភ្នាក់ងារសុវត្ថិភាព និងលុបបំបាត់សារធាតុអាសបេស្តុស និងស៊ីលីកា លោក Adam Kaminski ជាមន្ត្រីសម្របសម្រួលយុទ្ធនាការ អាសបេស្តុសអន្តរជាតិ តំណាងអង្គការអាហ្វីដាប្រចាំកម្ពុជា តំណាងសមាគមនិយោជក ព្រមទាំងមន្ត្រី អធិការកិច្ចសុវត្ថិភាព និងសុខភាពការងារ នៃនាយកដ្ឋានពេទ្យការងារសរុបចំនួន ៦០នាក់ ។

សិក្ខាសា​លានេះ រៀបចំឡើងក្នុងគោលបំណងលើកកម្ពស់ការយល់​ដឹងពីហានិភ័យ​នៃសារធាតុ​អាសបេ​ស្តុស និងចូល​រួមសកម្ម​ភាព​នានា ដើម្បីកា​ត់បន្ថយ​​ការប្រើប្រាស់​សារធាតុ​អា​សបេ​ស្តុសនៅតាមសហគ្រាស គ្រឹះស្ថាន ដែលជាផ្នែកយ៉ាងសំខាន់ ក្នុងការចែករំលែកចំណេះដឹង ពាក់ព័ន្ធទៅនឹងសារធាតុអាសបេស្តុស និង ផ្សព្វផ្សាយ​អំពីគុណ​សម្បត្តិ គុណ​វិបត្តិនៃ​​ផលប៉ះពាល់របស់សារធាតុអាសបេស្តុស លើសុខភាពរបស់មនុស្សដែលងាយរងគ្រោះដូចជា កម្មករ​និយោជិ​តដែល​ធ្វើការ​នៅក្នុង​វិស័យសំណង់។

ក្នុងកម្មវិធីនោះ នាយកដ្ឋាន ពេទ្យការងារនៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ក៏បានរៀបចំឱ្យមានកិច្ចពិភាក្សាជាក្រុម ដើម្បីសំយោគរិះរក ចំណុចសំខាន់ៗ ដែលមានសមាជិកក្រុមមកពីតំណាងសមាគមនិយោជក និងក្រុមបច្ចេក​ទេសផ្នែក​សុវត្ថិភាព និងសុខភាព ក្នុងការពិភាក្សាពីហានិភ័យ​សារធាតុអាស​បេស្តុស​តាម​វិស័យ​នីមួយៗ និងរៀបចំផែនការសកម្មភាពការពារហានិភ័យ និងកាត់បន្ថយ​ការប្រើ​ប្រាស់​សារ​ធាតុ​អាសបេស្តុសនៅក្នុងតំបន់ និងអន្តរជាតិ ៕

To Top