ព័ត៌មានជាតិ

ទាហានកម្ពុជា ២រូប កំពុងទទួលបានការថែទាំ ទាំងសុខភាពកាយ និងផ្លូវចិត្ត បន្ទាប់ពីភាគីថៃបញ្ជូនត្រឡប់មកកម្ពុជាវិញ

ភ្នំពេញ ៖ លោកស្រីឧត្តមសេនីយ៍ឯក ម៉ាលី សុជាតា អ្នកនាំពាក្យក្រសួងការពារជាតិកម្ពុជា បានថ្លែថា ទាហានកម្ពុជាចំនួន ២រូប កំពុងទទួលបានការថែទាំ និងព្យាបាលទាំងផ្លូវកាយ និងផ្លូវចិត្ត ដោយក្រុមគ្រូពេទ្យ បន្ទាប់ពីភាគីថៃ បញ្ជូនត្រឡប់មកកម្ពុជាវិញ នាព្រឹកថ្ងៃទី១ ខែសីហា ឆ្នាំ២០២៥។

នៅវេលាម៉ោង១១ព្រឹក ថ្ងៃទី ១ ខែសីហា ឆ្នាំ២០២៥ ភាគីថៃ បានប្រគល់មកឱ្យកម្ពុជាវិញនូវកងកម្លាំងចំនួន ២ រូបប៉ុណ្ណោះ ក្នុងចំណោម ចំនួន ២០រូប។ ហើយត្រូវបញ្ជូនមកវិញ នៅច្រកទ្វារព្រំដែនអន្ដរជាតិអូរស្មាច់ ខេត្តឧត្តរមានជ័យ រួមមាន ៖ អនុសេនីយ៍ត្រី អាង អឿង អាយុ ៣៧ឆ្នាំ និងឈ្មោះព្រិន្ទបាលឯក ម៉ម វុទ្ធី អាយុ ៥៣ឆ្នាំ។

ក្នុងសេចក្តីសង្ខេបព័ត៌មានប្រចាំថ្ងៃ ស្តីពី «លទ្ធផលនៃការអនុវត្តបទឈប់បាញ់រវាងកម្ពុជា-ថៃ» សម្រាប់រសៀលថ្ងៃទី០១ ខែសីហា ឆ្នាំ២០២៥ នៅទីស្តីការគណៈរដ្ឋមន្ត្រី លោកស្រីឧត្តមសេនីយ៍ឯក ម៉ាលី សុជាតា បានឱ្យដឹងថា កម្ពុជាអំពាវនាវម្ដងហើយម្ដងទៀតដល់ភាគីថៃ ដើម្បីធ្វើយ៉ាងណា បញ្ជូនកងកម្លាំងទាំងនោះ ឱ្យត្រឡប់មកកម្ពុជាវិញឱ្យបានឆាប់។

លោកស្រី បន្ដថា កម្ពុជា នឹងបន្តចរចាឱ្យអស់លទ្ធភាពដើម្បីឱ្យពួកគាត់ត្រឡប់មកវិញឱ្យឆាប់បំផុត និងដោយសុវត្ថិភាព។

លោកស្រី គូសបញ្ជាក់ថា «មកដល់ពេល ក្រោមការយកចិត្តទុកដាក់ មើលថែយ៉ាងដិតដល់ជាទីបំផុត ទាំងសុខភាពផ្លូវកាយ និងសុខភាពផ្លូវចិត្ត ពីសំណាក់ក្រុមគ្រូពេទ្យរបស់យើង ដោយមានការចាត់ចែងពីថ្នាក់ដឹកនាំ»៕

To Top