ភ្នំពេញ ៖ ក្រុមសង្កេតការណ៍អាស៊ានអន្តរកាល មកពី៣ប្រទេស នៅថ្ងៃទី១ ខែសីហា បានចុះទៅពិនិត្យតំបន់ថ្មដូន និងភ្នំខ្មោចដែលជាតំបន់សំខាន់ៗរងការខូចខាតទាំងស្រុងពីការទម្លាក់គ្រាប់បែករបស់កងទ័ពថៃ កាលពីថ្ងៃផ្ទុះអាវុធដាក់គ្នារវាងទ័ពកម្ពុជា-ថៃ ។
ក្រុមសង្កេតការណ៍អាស៊ានអន្តរកាលទាំង៣ប្រទេសនោះរួមមាន ៖ អនុព័ន្ធយោធាម៉ាឡេស៊ី , ជំនួយការអនុព័ន្ធយោធាវៀតណាម និងជំនួយការអនុព័ន្ធយោធាហ្វីលីពីន ។ នេះបើតាមការថ្លែងរបស់លោកស្រីម៉ាលី សុជាតាអ្នកនាំពាក្យក្រសួងការពារជាតិ ក្នុងសេចក្តីសង្ខេបព័ត៌មាន ស្តីពី «លទ្ធផលនៃការអនុវត្តបទឈប់បាញ់រវាងកម្ពុជា-ថៃ » នាព្រឹកថ្ងៃទី២ សីហា ។

លោកស្រីបន្តថា ក្នុងដំណើរទស្សនកិច្ចរបស់ក្រុមសង្កេតការណ៍អាស៊ានអន្តរកាលទាំង៣ប្រទេសនេះដឹកនាំដោយអនុព័ន្ធយោធាម៉ាឡេស៊ី ដែលជាប្រធានអាស៊ាន បានចុះទៅពិនិត្យកន្លែងទាហានថៃទម្លាក់គ្រាប់បែក MK84 និងតំបន់ភ្នំខ្មោចដែលបានខូចខាតស្ទើរតែទាំងស្រុង។

លោកស្រីគូសបញ្ជាក់ថា “ក្រុមសង្កេតការណ៍អាស៊ានអន្តរកាលទាំង៣ប្រទេស ក៏បានបន្តទៅចុះទៅពិនិត្យនៅតំបន់ថ្មដូន ស្រុកបន្ទាយអំពិលខេត្តឧត្តរមានជ័យ ដែលជាទីតាំងយន្តហោះថៃទម្លាក់គ្រាប់បែក MK84 ដោយកងទ័ពអាកាសថៃ” ។

អ្នកនាំពាក្យបន្ថែមថា បន្ទាប់ពីបានពិនិត្យទីតាំងនេះរួចហើយ ក្រុមសង្កេតការណ៍អាស៊ានអន្តរកាលទាំង៣ប្រទេសនេះ ក៏បានបន្តដំណើរទៅមើលស្ថានភាពជាក់ស្តែងរបស់ជនភៀសសឹកកម្ពុជានៅមណ្ឌលពោធិ៍៥០០០ ខេត្តព្រះវិហារដែលពួកគាត់រត់ទៅរកទីសុវត្ថិភាពពេលផ្ទុះអាវុធដាក់គ្នារវាងទ័ពកម្ពុជា-ថៃ ។ បន្តពីនេះទៀត គឺបានចុះទៅអង្កេតកន្លែងដ៏សំខាន់មួយទៀត គឺតំបន់ភ្នំខ្មោច ក្នុងស្រុកជាំក្សាន្ត ខេត្តព្រះវិហារ ជាតំបន់ក្តៅខ្លាំងដែលរងការខ្ទេចខ្ទាំដោយសារការទម្លាក់គ្រាប់បែកពីយន្តហោះចម្បាំងរបស់ថៃ ៕
