ព័ត៌មានជាតិ

បើកយុទ្ធនាការធ្វើបច្ចុប្បន្នភាពរចនាសម្ព័ន្ធ និងជំរឿនមន្ត្រីជាក់ស្តែងនៅតាមរចនាសម្ព័ន្ធនៃអង្គភាពសុខាភិបាលមូលដ្ឋាន

ភ្នំពេញ ៖ លោក ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមុខងារសាធារណៈ ជាអនុប្រធានប្រចាំការនៃគណៈកម្មាធិការជាតិជំរុញការអនុវត្តវិធានការគន្លឹះក្នុងការកែទម្រង់រដ្ឋបាលសាធារណៈ និងលោកសាស្រ្តាចារ្យ ឈាង រ៉ា រដ្ឋមន្រ្តីក្រសួងសុខាភិបាលបានរៀបចំពិធីប្រកាសបើកយុទ្ធនាការធ្វើបច្ចុប្បន្នភាពរចនាសម្ព័ន្ធ និងជំរឿនមន្ត្រីជាក់ស្តែងនៅតាមរចនាសម្ព័ន្ធនៃអង្គភាពសុខាភិបាលមូលដ្ឋាន។

ក្នុងឱកាសនោះដែរ សាស្រ្តាចារ្យរដ្ឋមន្រ្តីសុខាភិបាលលើកឡើងថា ក្រសួងគាំទ្រ និងចូលរួមអនុវត្តយ៉ាងពេញលេញប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់ នូវការធ្វើបច្ចុប្បន្នភាពរចនាសម្ព័ន្ធ និងជំរឿនមន្ត្រីរាជការជាក់ស្តែង នៅតាមរចនាសម្ព័ន្ធនៃអង្គភាពសុខាភិបាលមូលដ្ឋាន ស្របតាមយុទ្ធសាស្ត្របញ្ចកោណរបស់រាជរដ្ឋាភិបាលនីតិកាលទី៧ ក្នុងការធ្វើទំនើបកម្មស្ថាប័នរដ្ឋឲ្យក្លាយជារដ្ឋបាលសាធារណៈទំនើបប្រកបដោយសមត្ថភាពខ្ពស់ ខ្លាំង វៃឆ្លាត និងស្អាតស្អំ ដើម្បីបម្រើផលប្រយោជន៍ជូនប្រជាជនឲ្យបានកាន់តែល្អប្រសើរ។

លោករដ្ឋមន្រ្តីបន្តថា ការអនុវត្តវិធានការគន្លឹះក្នុងការកែទម្រង់រដ្ឋបាលសាធារណៈ មានភាពប្រទាក់ក្រឡា និងស៊ីសង្វាក់គ្នា ជាមួយនឹងការអនុវត្តវិធានការគន្លឹះក្នុងវិស័យសុខាភិបាល បានជាប្រយោជន៍ដល់ក្រសួងសុខាភិបាល ក្នុងការជ្រើសរើស និងការដាក់ពង្រាយមន្រ្តីបម្រើការងារនៅតាមប៉ុស្តិ៍សុខភាព មណ្ឌលសុខភាព មន្ទីរពេទ្យបង្អែកកម្រិត១ និងកម្រិត២ អនុលោមតាមក្របខណ្ឌគតិយុត្តនៃការជ្រើសរើស និងគ្រប់គ្រងមន្រ្តីផ្អែកលើកិច្ចព្រមព្រៀងការងារ ជាដំណាក់កាលៗ ទៅតាមកម្រិតអាទិភាពនៃតម្រូវការនៅតាមអង្គភាពសុខាភិបាលមូលដ្ឋាន ដើម្បីធានាបានការបម្រើសេវាសុខាភិបាល២៤ម៉ោង លើ២៤ម៉ោង ៧ថ្ងៃ ក្នុងមួយសប្តាហ៍ ព្រមទាំងកែលម្អឲ្យកាន់តែប្រសើរឡើង។

ជាមួយគ្នានេះ សាស្រ្តាចារ្យរដ្ឋមន្រ្តី បានណែនាំដល់ថ្នាក់ដឹកនាំ និងមន្ត្រីសុខាភិបាលគ្រប់លំដាប់ថ្នាក់ នៃមន្ទីរសុខាភិបាលនៃរដ្ឋបាលរាជធានី-ខេត្ត ត្រូវចូលរួមសហការ និងផ្តល់ការគាំទ្រឲ្យពេញទំហឹង ដល់គណៈកម្មការធ្វើបច្ចុប្បន្នភាពរចនាសម្ព័ន្ធ និងជំរឿនមន្ត្រីជាក់ស្តែងនៅតាមរចនាសម្ព័ន្ធនៃអង្គភាពសុខាភិបាលមូលដ្ឋាន ប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់ សំដៅសម្រេចឲ្យបាននូវលទ្ធផលល្អប្រសើរតាមការរំពឹងទុក ដោយផ្អែកលើបទពិសោធន៍ដែលធ្លាប់បានអនុវត្តក្នុងការធ្វើជំរឿនមន្ត្រីទាំង៣លើក កន្លងមក ៕

To Top