ព័ត៌មានជាតិ

ពលរដ្ឋយ៉ាងច្រេីនកុះករ រួមគ្នាដង្ហែរក្បួន អបអរសាទរ សម្តេចតេជោ-ធិបតី ចំពោះការស្វែងរកបទឈប់បាញ់ជូនជាតិ នៅផ្លូវថ្មេីរជេីង

ភ្នំពេញ៖ លោក ចាន់ សំមុនី ប្រធានប្រតិបត្តិនៃក្រុមសម្ព័ន្ធយុវជនស្ម័គ្រចិត្ត ប្រចាំកូរ៉េខាងត្បូង នាថ្ងៃទី២ ខែកក្កដា ឆ្នាំ២០២៥នេះ បានដឹកនាំប្រជាពលរដ្ឋ និងយុវជន ដង្ហែរក្បួន អបអរសាទរ សម្តេចតេជោ-ធិបតី ចំពោះបូជនកិច្ច និងកិច្ចខិតខំប្រឹងប្រែង របស់សម្តេចតេជោ-ធិបតី ដែលបាននាំយកនូវបទឈប់បាញ់ និងសុខសន្តិភាពជូនជាតិ នៅផ្លូវថ្មេីរជេីង (Walk Street) អមជាមួយការនាំយកថវិកាផ្ទាល់ខ្លួន ចំនួន១០០លានរៀល ឧបត្ថម្ភជូនដល់វីរៈកងទ័ពជួរមុខ និងទិញគ្រឿងឧបភោគ និងបរិភោគជូនជនភៀសសឹក ដែលកំពុងជួបការលំបាក និងត្រូវការជំនួយ។

ការដឹកនាំយុវជន ដង្ហែរក្បួន អបអរសាទរ សម្តេចតេជោ-ធិបតី នាពេលនេះ ធ្វើឡើងដើម្បីរំលឹក នឹកគុណដល់វីរៈភាពរបស់សម្តេចតេជោ-ធិបតី ក៏ដូចជា ការរំលឹកនឹកគុណូការៈ របស់វីរកងទ័ពកម្ពុជា ក្នុងការការពារបូរណភាពទឹកដីជូនជាតិ ដោយមិនឱ្យមានការបាត់បង់ សូម្បីតែមួយមីលីមែត្រ ដោយបានដង្ហែរពីទីតាំងមុខវត្តឧណ្ណាលោម ឆ្ពោះទៅមុខព្រះបរមរាជវាំង និងទៅផ្សារត្រី ។

ជាមួយគ្នានេះ លោក ចាន់ សំមុនី អតីតពលករខ្មែរនៅកូរ៉េ បានលើកឡើងថា ក្រៅពីដង្ហែក្បួន លោកក៏បរិច្ចាគថវិកា១០០លានរៀលនេះ មួយផ្នែកប្រគល់ជូនកងទ័ព តាមរយៈបញ្ជាការដ្ឋានអង្គរក្ស និងមួយផ្នែកចាត់ចែងទិញ គ្រឿងឧបភោក និងបរិភោគ ប្រគល់ជូនជនភៀសសឹក ខណៈថវិកានេះ គឺជាប្រាក់សន្សំផ្ទាល់ខ្លួនរបស់លោក សម្រាប់ទិញផ្ទះស្នាក់នៅ តែដោយសារស្ថិតក្នុងស្ថានភាពបែបនេះ លោកត្រូវតែលះបង់ ដើម្បីតបស្នងនូវការលះបង់សាច់ស្រស់ ឈាមស្រស់របស់វីរៈកងទ័ពជួរមុខ ក្នុងការការពារបូរណភាព និងអធិបតេយ្យភាពកម្ពុជា ជាមួយភាពក្លាហាន និងស្វាហាប់ រឹងមាំ លើសមរភូមិជួរមុខ ។

ការដង្ហែរក្បួន អបអរសាទរបទឈប់បាញ់ រវាងកម្ពុជា-ថៃ ដែលជាកិច្ចការអទិភាព របស់រាជរដ្ឋាភិបាល ក្រោមការដឹកនាំរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅប្រទេសម៉ាឡេស៊ី នាពេលកន្លងមក នឹងធ្វេីនៅផ្លូវថ្មើរជើង (Walk Street) ទាំងពីរថ្ងៃ ពោលថ្ងៃទី២ និងថ្ងៃទី៣ ខែសីហា ឆ្នាំ២០២៥នេះ ដោយមានការចូលរួមពីប្រជាពលរដ្ឋ ក៏ដូចជាយុវជន ប្រមាណ១០០០នាក់។

ឆ្លៀតក្នុងឱកាសនេះ លោក ចាន់ សំមុនី បានសម្តែងនូវការដឹងគុណ ចំពោះសម្តេចធិបតី ហ៊ុន ម៉ាណែត និងចងចាំនូវវីរភាពរបស់វីរកងទ័ពកម្ពុជា ក្នុងការការពារបូរណភាពទឹកដីជូនជាតិ ដោយមិនឱ្យមានការបាត់បង់ សូម្បីតែមួយមីលីមែត្រ និងប្រកាសគាំទ្រ រាជរដ្ឋាភិបាលកម្ពុជា ឥតងាករេផងដែរ៕

To Top