ភ្នំពេញ ៖ ស៊ីម៉ាក់ បានរកឃើញភស្តុតាង ជាច្រើននៅវត្តតាមាន់សែនជ័យ ស្ថិតនៅស្រុកបន្ទាយអំពិល ខេត្តឧត្តរមានជ័យ ត្រូវបានពួកទ័ពអាកាសថៃ ប្រើយន្តហោះF-16 ទម្លាក់គ្រាប់បែកប្រភេទ MK-82 មានទម្ងន់ប្រមាណ ២៥០គីឡូក្រាម។

តាមរយៈគេហទំព័រហ្វេសប៊ុក នារសៀលថ្ងៃទី២ ខែសីហា ឆ្នាំ២០២៥នេះ លោក ហេង រតនា អគ្គនាយក នៃមជ្ឈមណ្ឌលសកម្មភាពកំចាត់មីនកម្ពុជា (ស៊ីម៉ាក់) បានឱ្យដឹងថា ស្ថិតនៅវត្តតាមាន់សែនជ័យ ភូមិតាហាំ ឃុំគោកមន ស្រុកបន្ទាយអំពិល ខេត្តឧត្តរមានជ័យ កម្លាំងអង្គភាពស៊ីម៉ាក់ បានធ្វើការត្រួតពិនិត្យសុវត្ថិភាព ជូនគណកម្មការអាចារ្យវត្ត បានរកឃើញភស្តុតាង ដែលអាចបញ្ជាក់ច្បាស់ថា «ទីតាំងអារាមនេះ ត្រូវបានពួកទ័ពអាកាសសៀម ប្រើប្រាស់យន្តហោះF-16 ទម្លាក់គ្រាប់បែកប្រភេទMK-82»។

លោក អគ្គនាយក បន្ដថា គ្រាប់បែកMK-82នេះ មានទម្ងន់ប្រមាណ ២៥០គីឡូក្រាម ហើយជាការបំពាក់បន្ថែម នូវឧបករណ៍នាំផ្លូវជំនាន់ថ្មី ផលិតមកពីប្រទេសអ៊ីស្រាអ៊ែល (The GBU-12 Payway II) តាមរយៈភស្តុតាងនេះ គ្រាប់បែកទម្លាក់មានចំនួន ២គ្រាប់ ដែលមានលេខស៊េរី Serial No. 22002788 និងSerial No. 22002794 ផលិតនៅខែមករា ឆ្នាំ២០២៣ ។

លោក អគ្គនាយក ថា «រង់ចាំមើលការភូតភូរកុហុក បោកប្រាស់មតិសាធារណៈជាតិសៀម និងអន្តរជាតិ របស់ភាគីសៀម ថា គ្រាប់បែកទម្លាក់លើទីវត្តអារាមនេះ ជាគ្រាប់បែកសំណល់ពីសង្គ្រាម១៩៧០-១៩៧៣ទៀត ឬយ៉ាងម៉េច? ចំពោះគ្រាប់បែកMK-84 ក៏គ្មានអ្វីចំឡែកដែរ វាអាចបន្សល់ភស្តុតាងច្បាស់លាស់ ពិតជាមិនខានឡើយ» ៕


