ភ្នំពេញ ៖ រាជរដ្ឋាភិបាលកម្ពុជា កំពុងបន្តធ្វើការយ៉ាងសស្រាក់សស្រាំ ក្នុងការចរចា ដើម្បីជំរុញឱ្យភាគីថៃ ប្រគល់កងកម្លាំង ១៨រូបមកកម្ពុជាវិញ ឱ្យបានឆាប់រហ័សបំផុត និងមានសុវត្ថិភាព ស្របតាមច្បាប់មនុស្សធម៌អន្តរជាតិ ។
យោងតាមគេហទំព័រហ្វេសប៊ុក របស់ក្រសួងការពារជាតិ នៅថ្ងៃទី២ ខែសីហា ឆ្នាំ២០២៥ អ្នកនាំពាក្យក្រសួងការពារជាតិ នៃកម្ពុជា បានឱ្យដឹងថា ” ចំពោះបញ្ហាពាក់ព័ន្ធនឹងកងកម្លាំងយើងចំនួន ១៨ រូបដែលកំពុងស្ថិតនៅក្រោមការគ្រប់គ្រងរបស់ថៃ ចាប់តាំងពីព្រឹកព្រលឹម វេលាម៉ោង ៧:៥០នាទី ថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២៥ មកនោះ យោធាថៃបញ្ជាក់ថា ពួកគាត់មានសុខសុវត្ថិភាព ហើយរាជរដ្ឋាភិបាលកម្ពុជា កំពុងបន្តធ្វើការយ៉ាងសស្រាក់សស្រាំ ក្នុងការចរចា ដើម្បីជំរុញឱ្យភាគីថៃប្រគល់កងកម្លាំងរបស់យើងមកវិញ ឱ្យបានឆាប់រហ័សបំផុត និងមានសុវត្ថិភាព ស្របតាមច្បាប់ មនុស្សធម៌អន្តរជាតិ”។
កម្ពុជាក៏បានស្នើទៅកាន់ប្រទេសម៉ាឡេស៊ី ដែលជាប្រធានអាស៊ាន សូមជួយអន្តរាគមន៍ ដើម្បីជំរុញឱ្យភាគីថៃ ឆាប់ប្រគល់មកឱ្យយើងវិញ នូវកងកម្លាំងរបស់យើងទាំង ១៨នាក់ ។
ក្រសួងការពារជាតិ និងកងយោធពលខេមរភូមិន្ទ នឹងមិនទុកសមាជិករបស់ខ្លួនណាម្នាក់ចោលនោះទេ ទោះក្នុងកាលៈទេសៈណាក៏ដោយ៕
