ព័ត៌មានជាតិ

ប្រកួតវគ្គផ្តាច់ព្រ័ត្រ ប្រកួតប្រជែងនវានុវត្តន៍ និង សហគ្រិនភាព ចិន-អាស៊ាន លើកទី៣ ប្រព្រឹត្តនៅម៉ាឡេស៊ី

នា​ថ្ងៃទី ៣០ ខែកក្កដា ការប្រកួតវគ្គផ្តាច់ព្រ័ត្រ នៃ ការប្រកួតប្រជែងនវានុវត្តន៍ និងសហគ្រិនភាព​ចិន-អាស៊ានលើក​ទី​៣ បានប្រព្រឹត្តទៅនៅទីក្រុងគូឡាឡាំពួរ ប្រទេសម៉ាឡេស៊ី។ ការប្រកួតនេះធ្វើ​ឡើង​ក្រោមប្រធានបទ “សហការ​នវានុវត្តន៍ បង្កើតក្តីសុបិន” និង បានទាក់ទាញគម្រោងចំនួន ៣២៩ មក​ពីប្រទេស និងតំបន់ចំនួន ២៣ រួមមាន ចិន (រួមទាំងដីគោក ម៉ាកាវ និងតៃវ៉ាន់) ប្រទេសអាស៊ានទាំង ១០ ស្រីលង្កា បង់ក្លាដែស កាណាដា សហរដ្ឋអាមេរិក ចក្រភពអង់គ្លេស ប៉ាគីស្ថាន អាហ្វហ្គានីស្ថាន អ៊ូសបេគីស្ថាន ហ្វីជី និងហូឡង់ មកចុះឈ្មោះចូលរួមប្រកួត​។ បន្ទាប់ពីការជ្រើសរើសជាច្រើនដំណាក់កាល គម្រោងឆ្នើមចំនួន ១៩ មកពីប្រទេសចិន កម្ពុជា ឥណ្ឌូនេស៊ី ឡាវ ម៉ាឡេស៊ី ហ្វីលីពីន សិង្ហបុរី ថៃ បានឡើងទៅវគ្គផ្តាច់ព្រ័ត្រ។

រូបភាពពីការប្រកួតវគ្គផ្តាច់ព្រ័ត្រ ផ្តល់ជូនដោយនាយកដ្ឋានវិទ្យាសាស្ត្រ និងបច្ចេកវិទ្យានៃតំបន់ស្វយ័តជនជាតិជ័ងក្វាងស៊ី

នៅក្នុងវគ្គផ្តាច់ព្រ័ត្រ ក្រុមចូលរួមប្រកួត​ត្រូវបានបែងចែកជាក្រុមបុគ្គល និង ក្រុមសហគ្រាស ដោយបង្ហាញយ៉ាងទូលំទូលាយនូវចំណុចនវានុវត្តន៍បច្ចេកវិទ្យា និងសក្តានុពលទីផ្សាររបស់ពួកគេ តាមរយៈទម្រង់បង្ហាញផ្លូវ និងសំណួរចម្លើយ “៧+៥” (៧ នាទីសម្រាប់ការបង្ហាញគម្រោង + ៥ នាទីសម្រាប់ការឆ្លើយសំណួររបស់គណៈកម្មការ)។ ជាលទ្ធផល ការប្រកួតបានជ្រើសរើសអ្នកទទួល​ជ័យលាភីលេខ ១ លេខ ២ និងលេខ ៣ សម្រាប់ក្រុមសហគ្រាស និងក្រុមបុគ្គល​ ក៏ដូចជាជ័យលាភី “តារាសហប្រតិបត្តិការ” ចំនួន ៨ និង ជ័យលាភី “តារា​ច្នៃប្រឌិត” ចំនួន ៧។ គម្រោងមួយចំនួនដែលផ្តោតលើការផ្តល់ថាមពល​AIដល់ឧស្សាហកម្មប្រពៃណី និងការប្រើប្រាស់ថាមពលបៃតងប្រកបដោយប្រសិទ្ធភាព បានលេចធ្លោឡើង ដោយបង្ហាញពីភាពរស់រវើកនៃកិច្ចសហប្រតិបត្តិការនវានុវត្តន៍ក្នុងតំបន់។

ការប្រកួតលើក​នេះត្រូវបានផ្ដួចផ្ដើម​រៀបចំឡើងរួមគ្នាដោយក្រសួងវិទ្យាសាស្ត្រ និងបច្ចេកវិទ្យាចិន និង​ លេខាធិការដ្ឋានអាស៊ាន និង​ទទួល​រៀបចំ​ដោយ​នាយកដ្ឋានកិច្ចសហប្រតិបត្តិការអន្តរជាតិនៃក្រសួងវិទ្យាសាស្ត្រ និងបច្ចេកវិទ្យាចិន គណៈកម្មាធិការវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍អាស៊ាន និងនាយកដ្ឋានវិទ្យាសាស្ត្រ និងបច្ចេកវិទ្យានៃតំបន់ស្វយ័តជនជាតិ​ជ័ងក្វាងស៊ី (មជ្ឈមណ្ឌលផ្ទេរបច្ចេកវិទ្យាចិន-អាស៊ាន)។ ការប្រកួតនេះបានកសាងវេទិកាផ្លាស់ប្តូរ និងកិច្ចសហប្រតិបត្តិការប្រកបដោយជោគជ័យសម្រាប់អ្នកបង្កើតនវានុវត្តន៍ និង អ្នក​បង្កើត​ធុរកិច្ច​ថ្មី​ ចិន និងអាស៊ាន ព្រមទាំងបានជំរុញបន្ថែមទៀតនូវសក្តានុពលសហការនៃកិច្ចសហប្រតិបត្តិការនវានុវត្តន៍បច្ចេកវិទ្យាចិន និងអាស៊ាន បង្កើតឱកាសអភិវឌ្ឍន៍រួមគ្នាជាច្រើនទៀត ដើម្បី​ចាក់បញ្ចូលកម្លាំងជំរុញកំណើនប្រកបដោយចីរភាពដល់សមាហរណកម្មសេដ្ឋកិច្ចក្នុងតំបន់៕

To Top