ភ្នំពេញ ៖ បណ្ឌិត អ៊ិន វីរជ័យ សាកលវិទ្យាធិការរង ទទួលបន្ទុកទំនាក់ទំនងខាងក្រៅ និងសេវានិស្សិត និងជាគណៈដឹកនាំចលនាយុវជនស្ម័គ្រចិត្ត ស.ស.យ.ក ប្រចាំគ្រឹះស្ថាន ឧត្តមសិក្សាសាកលវិទ្យាល័យ បៀលប្រាយ នៅថ្ងៃទី២ ខែសីហា ឆ្នាំ២០២៥បានដឹកនាំក្រុមការងារ សាកលវិទ្យាល័យបៀលប្រាយ ចូលរួមជាមួយគណៈប្រតិភូ សមាគមគ្រឹះស្ថានឧត្តមសិក្សាកម្ពុជា ចំនួន២៦៣រូប ដែលអញ្ជើញមកពីគ្រឹះស្ថានសិក្សា ឯកជនសរុបចំនួន ២៨ បានអញ្ជើញ ចុះជួបសួរសុខទុក្ខ និងនាំយកអំណោយចែកជូនប្រជាពលរដ្ឋ ដែលបានជម្លៀសខ្លួន ពីតំបន់ប្រយុទ្ធគ្នា តាមបណ្តោយព្រំដែនកម្ពុជា-ថៃ នៅខេត្តឧត្តរមានជ័យ មកស្នាក់នៅជាបណ្តោះអាសន្ន ទីសុវត្ថិភាព ក្នុងវត្តភ្នំកំបោរ ស្រុកបន្ទាយអំពិល ខេត្តឧត្តរមានជ័យ ចំនួន ៤០០០គ្រួសារ ដោយក្នុងនោះមួយគ្រួសារទទួលបាន៖ កន្ទេល១, មុង១, ភួយ១ និង ក្រមា១។

ក្នុងឱកាសនោះ គណ:គ្រប់គ្រង ក៏បានឆ្លៀតជួបបងៗកងទ័ពជួរមុខ ប្រយុទ្ធជាមួយសត្រូវ ដើម្បីជូនថវិកា និង អាហារពេលព្រឹក១ពេលមុនជួបជុំកន្លែងពិធី។ គណៈគ្រប់គ្រងសាកលវិទ្យាល័យ ក៏នាំយកថវិកា គ្រឿងឧបភោគបរិភោគ និងសម្ភារប្រើប្រាស់ដែលទទួលបានពីគណៈគ្រប់គ្រង បុគ្គលិក សាស្រ្តាចារ្យ និងនិស្សិត នៃសាកលវិទ្យាល័យបៀលប្រាយ ចូលរួមពិធីសំណេះសំណាល សាកសួរសុខទុក្ខ និងប្រគល់អំណោយជូនជនភៀសសឹក រួមជាមួយសមាគម គ្រឹះស្ថានឧត្តមសិក្សាកម្ពុជា ៕




