ព័ត៌មានជាតិ

ក្រសួងការងារ នាំយកឱកាសការងារជាង ៥ ពាន់កន្លែង សម្រាប់ប្រជាពលរដ្ឋ និងពលករខ្មែរ ក្នុងខេត្តពោធិ៍សាត់ ដែលទើបត្រឡប់ មកពីប្រទេសថៃ

ពោធិ៍សាត់ ៖ នៅថ្ងៃទី២ ខែសីហា ឆ្នាំ២០២៥នេះ ទីភ្នាក់ងារជាតិមុខរបរ និងការងារ (NEA) នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ដោយមានកិច្ចសហការ ជាមួយនឹងវិស័យឯកជន បាននាំយកឱកាសការងារសរុបចំនួន ៥ ៣៣៥កន្លែង និងការអប់រំបណ្ដុះបណ្ដាលបច្ចេកទេស និងវិជ្ជាជីវៈ ផ្សព្វផ្សាយដល់បងប្អូនប្រជាពលរដ្ឋក្នុងឃុំអូរតាប៉ោង ស្រុកបាកាន ខេត្តពោធិ៍សាត់ ជាពិសេស បងប្អូនពលករខ្មែរ ដែលបានវិលត្រឡប់មកពីប្រទេសថៃ។

វេទិកាការងារដែលរៀបចំឡើងដោយសហការជាមួយរដ្ឋបាលឃុំអូរតាប៉ោង បានធ្វើឡើងក្រោមអធិបតីភាពលោកស្រី​ ឃុន ណៃហៀក អនុរដ្ឋលេខាធិការ តំណាងដ៏ខ្ពង់ខ្ពស់ លោក​ ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ និងអាជ្ញាធរមូលដ្ឋាន។

ក្នុងវេទិកាការងារនេះ បងប្អូនប្រជាពលរដ្ឋ ជាពិសេស បងប្អូនពលករខ្មែរដែលបានវិលត្រឡប់មកពីប្រទេសថៃដែលចាប់អារម្មណ៍ដាក់ពាក្យ បានទទួលការសម្ភាសការងារភ្លាមៗតែម្តងជាមួយក្រុមហ៊ុន សហគ្រាស និងរោងចក្រដែលបានចុះមកផ្ទាល់៕

To Top