ភ្នំពេញ ៖ អ្នកនាំពាក្យក្រសួងការពារជាតិ នៃព្រះរាជាណាចក្រកម្ពុជា បញ្ជាក់ឱ្យដឹងថា កម្ពុជាសូមច្រានចោល ចំពោះការផ្សព្វផ្សាយដោយគ្មានមូលដ្ឋាន និងផ្ទុយពីការពិតរបស់សារព័ត៌មានថៃមួយចំនួន ដោយថ្មីៗនេះថៃ បានផ្សព្វផ្សាយព័ត៌មានមួយចំនួន ដោយបានយករូបភាព វីដេអូក្លែងក្លាយ មកធ្វើការអត្ថាធិប្បាយ និងបកស្រាយជាខ្លឹមសារបំភ្លៃ មិនពិត លាបពណ៌ ថាដ្រូននោះជារបស់កម្ពុជា បានហោះចូលក្នុងទឹកដីថៃ ។
ក្នុងសន្និសីទ សារព័ត៌មាន នាព្រឹកថ្ងៃទី៣ ខែសីហា ឆ្នាំ២០២៥ លោកស្រី ម៉ាលី សុជាតា អ្នកនាំពាក្យក្រសួងការពារជាតិ បញ្ជាក់ថា «ទង្វើទាំងអស់នេះ មិនត្រឹមតែមិនបានចូលរួមចំណែក ដល់ការរក្សាស្ថានភាព ឱ្យមានភាពប្រសើរឡើងប៉ុណ្ណោះទេ ប៉ុន្តែវាបានបង្កឱ្យមានការកើនឡើងកម្តៅ ដោយមិនចាំបាច់ ។ កម្ពុជាទទូចឱ្យពួកគេបញ្ឈប់ ជាបន្ទាន់នូវទង្វើទាំងនោះ។ ជាមួយគ្នានេះ កម្ពុជាក៏អំពាវនាវឱ្យភាគីថៃ ចៀសវាងការបង្ហោះដ្រូនរបស់ខ្លួន ចូលក្នុងដែនអាកាសរបស់កម្ពុជាទៀត ហើយយើងក៏នឹងមានវិធានការឆ្លើយតបសមស្រប ចំពោះសកម្មភាពរំលោភបំពាន ទាំងអស់នេះផងដែរ»។
