ព្រះវិហារ: ចាប់តាំងពីថ្ងៃទី២៤ ខែកក្កដាឆ្នាំ២០២៥ ដែលទាហានសៀមបានបើកការវាយប្រហារមកលើទឹកដីកម្ពុជាមក ប្រជាពលរដ្ឋនៅតាមតំបន់ព្រំដែនរាប់ម៉ឺននាក់បានភៀសខ្លួនចេញពីផ្ទះសម្បែង និងភូមិដ្ឋានរបស់ខ្លួន មកស្នាក់នៅទីសុវត្ថិភាពនានា ដើម្បីរត់គេចពីគ្រាប់ផ្លោង និងផ្សែងគីមីពុលដ៏ប្រល័យរបស់ទាហានសៀម។
យោងតាមស្ថិតិមិនទាន់ពេញលេញ ជនភៀសសឹកនៅទូទាំងប្រទេសកម្ពុជាបានកើនឡើងដល់ប្រមាណ 170,000 នាក់ហើយ។ ការភៀសខ្លួនយ៉ាងប្រញ៉ាប់ប្រញ៉ាល់ បណ្តាលអោយពួកគាត់ប្រឈមមុខនឹងវិបត្តិមនុស្សធម៌ធ្ងន់ធ្ងរ រួមទាំងការខ្វះខាតស្បៀងអាហារ និងបាត់បង់ទ្រព្យសម្បត្តិនិងគ្មានផ្ទះសម្បែង។
សហគមន៍ចិននានានៅកម្ពុជា ក៏ដូចជាពលរដ្ឋកម្ពុជានៅទូទាំងប្រទេសដែរ គឺបាននាំគ្នាបរិច្ចាគជាអំណោយស្បៀងអាហារ និងគ្រឿងឧបគោគបរិភោគ នាំយកទៅជូនដល់ដៃជនភៀសសឹកនៅខេត្តព្រះវិហារ និងខេត្តឧត្តមានជ័យជាបន្តបន្តាប់និងយ៉ាងច្រើនសន្ធឹកសន្ធាប់។
កាលពីថ្ងៃទី ៣១ ខែកក្កដា ឆ្នាំ២០២៥ អង្គការសប្បុរសធម៌ខ្វនថឹម និងសភាពាណិជ្ជកម្មយុវជនកម្ពុជា-ចិន បានរួមគ្នាបង្កើតគំនិតផ្តួចផ្តើមផ្តល់ជំនួយសង្គ្រោះបន្ទាន់ ដោយអំពាវនាវដល់ពាណិជ្ជករ និងជនជាតិចិននៅកម្ពុជាទាំងអស់ ឱ្យរួមដៃគ្នា ជួយជនភៀសសឹកកម្ពុជានៅក្នុងខេត្តព្រះវិហារ និងតំបន់រងគ្រោះផ្សេងទៀត ហើយថ្ងៃទី១ ខែសីហា ដឹកទៅទាំងយប់ និងថ្ងៃ ០២ សីហា ចែកពីព្រឹក រហូតដល់ល្ងាចម៉ោង ៤រសៀល។
ជាលទ្ធផលយើងប្រមូលបានថវិកា សរុបចំនួន 44,232.68 ដុល្លារអាមេរិក ដែលប្រើប្រាស់សម្រាប់ទិញអង្ករ 80 តោន; ទឹកបរិសុទ្ធសុទ្ធ500 យួរ; ចង្រ្កានហ្គាសតូច 200គ្រឿង និងកំប៉ុងហ្គាសតូច 400កំប៉ុង; ហើយនិងថវិការចំនួន15.51 លានរៀល។ យើងខ្ញុំបានដឹកយកអំណោយទាំងនេះ ទៅចែកជូនស្មើៗគ្នាដល់ដៃជនភៀសសឹក នៅទីស្ថានសុវត្ថិភាពចំនួនពីរកន្លែងស្ថិតក្នុងភូមិសាស្ត្រខេត្តព្រះវិហាររួមមាន: នៅវត្តទួលអណ្តែត ដែលមានជនភៀសសឹកជាង១០០០គ្រួសារ(ចំនួនមនុស្សជាង៣០០០នាក់) និងវត្តពោធិ៥០០០ដើម ដែលមានជនភៀសសឹកចំនួន៤៨៣៨គ្រួសារ (ចំនួនមនុស្ស១៦៣៥០នាក់)។
សមាជិកស្មគ្រ័ចិត្តជាង 60 នាក់មកពីអង្គការសប្បុរសធម៌ខ្វនថឹម និងសភាពាណិជ្ជកម្មយុវជនកម្ពុជា-ចិន បានទៅដល់កន្លែងទីតាំងសុវត្ថិភាពទាំងពីរកន្លែង ហើយបានធ្វើការរួមគ្នាក្នុងការដឹក ជញ្ជូន លី សែងដោយផ្ទាល់ដៃនូវ អង្ករ៣២០០បេ(១បេ២៥គីឡូក្រាម) និងសម្ភារៈផ្សេងទៀតសរុបជាង៤០០០ដុំ។ ពួកយើងម្នាក់ៗលើកលីអង្ករ និងសំភារៈធ្ងន់ៗ បែកញើសជោគសម្លៀកបំពាក់ ដែលធ្វើឱ្យមានការរំជួលចិត្តយ៉ាងខ្លាំងដល់ជនភៀសសឹកដែលកំពុងអង្គុយរង់ចាំទទួលអំណោយនៅក្នុងរោងតង់ ក្រោមកំដៅថ្ងៃក្តៅដូចគេដុត។
យើងខ្ញុំបានជួបសាកសួរសុខទុក្ខដោយផ្ទាល់ ជាមួយគ្រួសារជនភៀសសឹកមួយចំនួន ដែលក្នុងនោះមានគ្រួសារវីរៈយុទ្ធជនពលីពីរគ្រួសារ ផង។ ពួកគាត់សុទ្ធតែបាន សម្តែង នូវ ការ ដឹងគុណ ទាំង ទឹកភ្នែក និង បួងសួង សុំ សេចក្តីសុខ សេចក្តីចម្រើន សម្រាប់ ប្រទេសកម្ពុជា។ គាត់និយាយថា កម្ពុជាមិនដែលឈ្លានពានអ្នកណាទេ កម្ពុជាចង់បានតែសន្តិភាពប៉ុណ្ណោះ។ ពួក គាត់រំភើបដល់ហូរទឹកភ្នែក និងបាន សំដែងអំណរគុណដល់អង្គការសប្បុរសធម៌ខ្វនថឹម និងសភាពាណិជ្ជកម្មយុវជនកម្ពុជា-ចិន ដែលបាននាំយកសម្ភារៈបរិច្ចាគដ៏ច្រើនសន្ធឹកសន្ធាប់ មកជូនពួកគាត់ដែលកំពុងខ្វះខាត និងបានជូនពរសព្វសាធុការដល់សប្បុរសជនទាំងអស់ផងដែរ។






I
