ភ្នំពេញ៖ សាស្រ្តាចារ្យច្បាប់ នៃសកលវិទ្យាល័យ Thammasat របស់ថៃលោក Pariya Thevanaruemitkul បានលើកឡើង ប្រាប់ទៅកាសែត Khaosod ថា សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា និង សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា បានរំលោភរដ្ឋធម្មនុញ្ញកម្ពុជាមាត្រា៥២ និងមាត្រា២ គឺរឿងមិនត្រឹមត្រូវ និងចោទប្រកាន់ទាំងងងើល ។
រឿងមិនត្រឹមត្រូវ និងចោទប្រកាន់ទាំងងងើល ពីព្រោះ ៖
១៖ កម្ពុជា មិនបានឈ្លានពានថៃនោះទេ ពោលគឺនៅព្រឹកថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២៥ កន្លងទៅកងទ័ពថៃ បានផ្តើមផ្ទុះអាវុធ មកលើកងទ័ពកម្ពុជាមុន កងទ័ពកម្ពុជា បានប្រើប្រាស់សិទ្ធិការពារខ្លួន ក្នុងអធិបតេយ្យភាព និងបូរណភាពទឹកដីរបស់ខ្លួន ប្រឆាំងនឹងការឈ្លានពានរបស់កងទ័ពថៃ ដែលបានបំពានលើទឹកដីកម្ពុជា។ ដោយឡែកគោលដៅការពារខ្លួនរបស់កម្ពុជា មិនមែនជាជនស៊ីវិលស្លូតត្រង់របស់ថៃនោះទេ ពោលគឺទៅលើតែគោលដៅយោធាថៃ ដែលបានបើកការវាយប្រហារឈ្លានពាន រំលោភបូរណភាពទឹកដី របស់កម្ពុជាតែប៉ុណ្ណោះ។
ដូច្នេះការចោទប្រកាន់ របស់សាស្រ្តាចារ្យរូបនេះថា កម្ពុជាមិនបានគោរពរដ្ឋធម្មនុញ្ញ មាត្រា៥២ តាមរយៈការឈ្លានពានថៃ គឺជារឿងមិនត្រឹមត្រូវ ហើយជាការចោទប្រកាន់ប៉ាតណាប៉ាត់ណី គ្មានមូលដ្ឋាន។
រាជរដ្ឋាភិបាលកម្ពុជា តែងតែប្រកាន់ខ្ជាប់នូវគោលយោបាយរួមរស់ ដោយសន្តិសហវិជ្ជមានជាមួយបណ្តាប្រទេសជិតខាង និងប្រទេសដ៏ទៃទាំងអស់នៅសកលលោក។ ប្រទេសកម្ពុជាមិនឈ្លានពានប្រទេសណាដាច់ខាត មិនជ្រៀតជ្រែកកិច្ចការផ្ទៃក្នុង នៃប្រទេសដ៏ទៃដោយផ្ទាល់ ឬដោយប្រយោល ទោះបីក្នុងរូបភាពណាក៏ដោយ ដោះស្រាយរាល់បញ្ហាដោយសន្តិវិធី ដោយផ្អែកលើច្បាប់អន្តរជាតិ និងគោរពផលប្រយោជន៍គ្នាទៅវិញទៅមក ដែលគោលការណ៍នេះ មានចែងយ៉ាងច្បាស់នៅក្នុងរដ្ឋធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជា។
២៖ ពាក់ព័ន្ធនឹងការដោះស្រាយវិវាទព្រំដែនកម្ពុជា និងថៃ រាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា បានជ្រើសរើស និងប្រើប្រាស់ផែនទីឧបសម្ព័នភ្ជាប់សន្ធិសញ្ញាបារាំង-ឆ្នាំ១៩០៤ និង១៩០៧ ខ្នាត១/២០០ ០០០ ដែលគូសដោយគណៈកម្មាធិការព្រំដែន បារាំង-សៀម ហើយផែនទីនៃឧបសម្ព័ននេះ គឺត្រូវបានទទួលស្គាល់ជាលក្ខណៈអន្តរជាតិ។ ដោយឡែកភាគីថៃ បានលើកយកផែនទីខ្នាត ១/៥០ ០០០ ដែលជាផែនទីគូសដោយឯកតោភាគី គ្មានការទទួលស្គាល់ដោយអន្តរជាតិ ក្នុងគោលបំណងរំលោភ លើដែនអធិបតេយ្យរបស់កម្ពុជា ដែលកម្ពុជាបានប្រកាន់បញ្ជាក់គោលជំហរច្រានចោល មិនប្រើប្រាស់ផែនទីដែលគូសដោយថៃនោះទេ។
ដោយឡែក «ផែនទីបោន ខ្នាតមួយលើមួយរយពាន់ (Legend scale: ១/១០០,០០០)» ដែលបានកំណត់នៅក្នុងមាត្រា ២ នៃរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា (ដែលមានកំណត់ក្នុងផែនទីខ្នាត១/១០០.០០០ ធ្វើនៅចន្លោះឆ្នាំ ១៩៣៣-១៩៥៣ ហើយដែលត្រូវបានទទួលស្គាល់ជាអន្តរជាតិនៅចន្លោះ ឆ្នាំ ១៩៦៣ – ១៩៦៩) គឺជាខ្នាតសម្រាប់ធ្វើការប្រៀបធៀបរវាងប្រវែងនៅលើក្រដាសផែនទី និងប្រវែងពិតប្រាកដនៅលើដី៕
ដោយ វង្ស មករា៖ សាស្ត្រចារ្យនិងអ្នកវិភាគនយោបាយ

