ភ្នំពេញ ៖ លោក ជុំ សន្ទរី អ្នកនាំពាក្យក្រសួងការបរទេសខ្មែរ បានអំពាវនាវឲ្យភាគីថៃ គោរពកិច្ចព្រមព្រៀងបទឈប់បាញ់ តាមរយៈបញ្ឈប់សកម្មភាព បង្ករឿងជាហេតុ នាំឲ្យមានជម្លោះសារជាថ្មី ។
ក្នុងសេចក្តីសង្ខេបព័ត៌មាន ស្តីពី «លទ្ធផល នៃការអនុវត្តបទឈប់បាញ់រវាងកម្ពុជា-ថៃ » នាថ្ងៃ៣ សីហា លោក ជុំ សន្ទរី បានឲ្យដឹងថា ភាគីកម្ពុជាបានអំពាវនាវឲ្យភាគីថៃ បង្ហាញនូវការតាំងចិត្តពិតប្រាកដ ចំពោះដំណើរការស្វែងរកដំណោះស្រាយ ដោយសន្តិវិធី តាមរយៈការចូលរួម ក្នុងក្របខណ្ឌ ដែលភាគីទាំងពីរ បានព្រមព្រៀង ជាមួយគ្នានូវបទឈប់បាញ់ ដោយមានការទទួលស្គាល់ ចំពោះឯកសាររវាងប្រទេសទាំងពីរ និងពីនាយករដ្ឋមន្រ្តីម៉ាឡេស៊ី ព្រមទាំងតំណាងអាមេរិក និងចិនផងដែរ ។
ជាថ្មីម្តងទៀត អ្នកនាំពាក្យបញ្ជាក់ ពីការត្រៀមខ្លួន រួចជាស្រេច ដើម្បីធ្វើការយ៉ាងជិតស្និទ្ធជាមួយភាគីថៃ និងដៃគូអន្តរជាតិនានា ដើម្បីធានាបានដំណោះស្រាយ ដោយប្រកបដោយតម្លាភាព និងយុត្តិធម៌ ដែលទទួលយកបានទាំងអស់គ្នា ៕
