ឧត្ដរមានជ័យ ៖ លោក លី ធុជ ទេសរដ្ឋមន្រ្តី អនុប្រធានទី១ អាជ្ញាធរមីន បានថ្លែងថា សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី បានដឹកនាំប្រកបការយកចិត្តទុកដាក់ខ្ពស់គ្រប់បែបយ៉ាង និងយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយទាំងសមរភូមិប្រយុទ្ធ និងទំនាក់ទំនងការទូតជាមួយបណ្ដាប្រទេសជុំវិញពិភពលោក ដេីម្បីនាំឱ្យវីរៈកងទ័ពទទួលជ័យជម្នះលេីសមរភូមិ និងប្រទេសកម្ពុជាទាំងមូលទទួលភាពឈ្នះលេីកិច្ចការបរទេសយ៉ាងធំធេង។

ការលេីកឡេីងរបស់ ទេសរដ្ឋមន្រ្តី លី ធុជ ក្នុងឱកាសចុះពិនិត្យទីតាំងទម្លាក់គ្រាប់បែក MK-82, MK-84 ដោយយន្តហោះ F-16s របស់យោធាថៃ ស្ថិតក្នុងភូមិថ្មដូន ឃុំគោកមន និងដឹកនាំផ្សព្វផ្សាយការយល់ដឹងអំពីយុទ្ធភណ្ឌគ្រឿងផ្ទុះដល់ជនភៀសសឹក កំពុងស្នាក់នៅបណ្តោះអាសន្នក្នុងវត្តភ្នំថ្មកំបោរ ភូមិពោធិ៍ចាស់ ឃុំបេង ស្រុកបន្ទាយអំពិល ខេត្តឧត្ដរមានជ័យ នៅថ្ងៃទី០៣ ខែសីហា ឆ្នាំ២០២៥។

ទេសរដ្ឋមន្រ្តី លី ធុជ ថ្លែងបន្តទៀតថា ភាពជោគជ័យទាំងនេះ ក៏បានមកពីការរួមចំណែករបស់វីរៈកងទ័ពនៅសមរភូមិមុខដ៏អង់អាចក្លាហានរបស់កម្ពុជា ដែលបានពលី និងលះបង់គ្រប់បែបយ៉ាង ដេីម្បីធ្វើជារបងយ៉ាងរឹងមាំការពារជាតិមាតុភូមិពីការឈ្លានពាន ការពារសុខសន្តិភាព និងសុវត្ថិភាពជូនប្រជាជនកម្ពុជា។ គំរូវីរភាពរបស់យុទ្ធជនកម្ពុជាយើង ពិតជាអស្ចារ្យណាស់ ដែលយើងទាំងអស់គ្នា ត្រូវចងចាំ និងដឹងគុណជានិច្ច។

លោក លី ធុជ បញ្ជាក់ទៀតថា ទោះបីមានបទឈប់បាញ់គ្នារបស់កម្ពុជា-ថៃ ប៉ុន្តែសត្រូវលាក់មុខជាយុទ្ធភណ្ឌគ្រឿងគ្រឿងផ្ទុះនៅសេសសល់ និងនៅរាយប៉ាយ នៅតែអាចបង្កគ្រោះថ្នាក់ជាយកថាហេតុណាមួយដល់អាយុជីវិតគ្រប់ពេលវេលា នៅពេលដែលយើងកាន់ គប់ ដំ កែច្នៃ ជាដេីម។
ក្នុងឱកាសនោះ លោកទេសរដ្ឋមន្រ្តី លី ធុជ បានណែនាំឱ្យប្រជាពលរដ្ឋដែលនឹងវិលត្រឡប់ទៅលំនៅដ្ឋានវិញ សូមមានការប្រុងប្រយ័ត្នខ្ពស់ពីគ្រោះថ្នាក់ដោយសារគ្រាប់យុទ្ធភណ្ឌមិនទាន់ផ្ទុះ និងគ្រាប់បែកចង្កោមដែលនៅសេសសល់ពីសង្គ្រាមឈ្លានពានរបស់កងទ័ពសៀម ។ សូមរាយការណ៍ជាបន្ទាន់នៅពេលប្រទះឃើញគ្រាប់យុទ្ធភណ្ឌមិនទាន់ផ្ទុះ ឫវត្ថុចំលែកសង្ស័យជាគ្រាប់ ទៅអាជ្ញាធរមានសមត្ថកិច្ច ប៉ុស្តិ៍នគរបាល មេភូមិ មេឃុំ និងប្រតិបត្តិករបោសសម្អាតមីន៕
