ព័ត៌មានជាតិ

កម្ពុជា អំពាវនាវ ឱ្យសហគមន៍អន្តរជាតិ ជួយទប់ស្កាត់ឱ្យខាងតែបាន ឱ្យភាគីថៃបញ្ឈប់ជាបន្ទាន់ បន្ទាប់ពីកងទ័ពថៃ គ្រោងនឹងបើកការវាយលុក តាមបណ្តោយព្រំដែន

ភ្នំពេញ ៖ កម្ពុជា បានអំពាវនាវឱ្យសហគមន៍អន្តរជាតិ ជួយទប់ស្កាត់ឱ្យខាងតែបាន ឱ្យភាគីថៃ បញ្ឈប់ជាបន្ទាន់នូវផែនការឈ្លានពាន របស់ខ្លួនករណីព័ត៌មាននេះជាការពិត ហើយងាកមកគោរពកិច្ចព្រមព្រៀមបទឈប់បាញ់ ឱ្យបានម៉ឺងម៉ាត់ ដើម្បីសន្តិភាព និងស្ថិរភាព នៅតាមតំបន់ព្រំដែននៃប្រទេសទាំងពីរ ។

តាមរយៈសេចក្តីប្រកាសព័ត៌មាន របស់អ្នកនាំពាក្យ ក្រសួងការពារជាតិកម្ពុជា នៅថ្ងៃទី៣ ខែសីហា ឆ្នាំ២០២៥ អ្នកនាំពាក្យ បានជម្រាបជូនព័ត៌មាន ដល់សាធារណៈជន និងសហគមន៍អន្តរជាតិ មេត្តាជ្រាបថា តាមព័ត៌មានដែលទើបទទួលបាន នៅវេលាម៉ោង ១០:៤៩នាទី ថ្ងៃទី០៣ ខែសីហា ឆ្នាំ២០២៥ កងទ័ពថៃ សហការជាមួយអាជ្ញាធរថៃ បានណែនាំឱ្យប្រជាជនខ្លួន ដែលនៅសេសសល់នៅតំបន់ជាប់ព្រំដែន ក្នុងខេត្តសុរិន្ទ ឱ្យចេញឱ្យអស់ត្រឹមយប់នេះ។

តាមប្រភពព័ត៌មាន ដដែល ក៏បានបញ្ជាក់ថា កងទ័ពថៃគ្រោង នឹងបើកការវាយលុកតាមបណ្តោយព្រំដែន ចាប់តាំងពីតំបន់ប្រាសាទតាមាន់ ប្រាសាទតាក្របី ប្រាសាទព្រះវិហាររហូតដល់តំបន់អានសេះ ដែលការវាយលុកនេះនឹងចាប់ផ្ដើមក្នុងពេលឆាប់ៗនេះ មុនកិច្ចប្រជុំគណៈកម្មាធិការកិច្ចការព្រំដែនទូទៅ (GBC) ដែលគ្រោងនៅថ្ងៃទី០៧ ខែសីហា ឆ្នាំ២០២៥ នៅទីក្រុងកូឡាឡាំពួរ ប្រទេសម៉ាឡេស៊ី។

ការរៀបចំផែនការវាយលុកនេះ ជាការរំលោភមកលើបូរណភាពទឹកដីកម្ពុជា នៅមុនកិច្ចប្រជុំគណៈកម្មាធិការកិច្ចការព្រំដែនទូទៅ(GBC) ហើយក៏ជាការរំលោភយ៉ាងធ្ងន់ធ្ងរបំផុត នូវបទឈប់បាញ់ដែលប្រទេសទាំងពីរបានឯកភាពគ្នា កាលពីថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៥ នៅទីក្រុងកូឡាឡាំពួរ ដែលមានម៉ាឡេស៊ី សហរដ្ឋអាមេរិក និងចិនជាសាក្សី។

កម្ពុជាសូមអំពាវនាវ ឱ្យសហគមន៍អន្តរជាតិ ជួយទប់ស្កាត់ឱ្យខាងតែបាន ឱ្យភាគីថៃបញ្ឈប់ជាបន្ទាន់ នូវផែនការឈ្លានពានរបស់ខ្លួន ករណីព័ត៌មាននេះ ជាការពិត ហើយងាកមកគោរពកិច្ចព្រមព្រៀម បទឈប់បាញ់ឱ្យបានម៉ឺងម៉ាត់ ដើម្បីសន្តិភាព និងស្ថិរភាព នៅតាមតំបន់ព្រំដែន នៃប្រទេសទាំងពីរផង និងតំបន់ទាំងមូលផង ៕

To Top