ព័ត៌មានជាតិ

ក្រសួងការពារជាតិ ៖ គិតត្រឹមព្រឹកថ្ងៃទី៤ សីហា សភាពការណ៍នៅជួរមុខ តាមបន្ទាត់ព្រំដែន មានសភាពស្ងប់ស្ងាត់

ភ្នំពេញ ៖ លោកស្រី ឧត្តមសេនីយ៍ឯក ម៉ាលី សុជាតា អ្នកនាំពាក្យក្រសួងការពារជាតិកម្ពុជា បានឱ្យដឹងថា គិតត្រឹមព្រឹកថ្ងៃទី៤ ខែសីហា ឆ្នាំ២០២៥នេះ សភាពការណ៍នៅជួរមុខ តាមបន្ទាត់ព្រំដែនទិសខេត្តព្រះវិហារ និងខេត្តឧត្តរមានជ័យ គឺមានសភាពស្ងប់ស្ងាត់។

លោកស្រី ឧត្តមសេនីយ៍ឯក ម៉ាលី សុជាតា បានធ្វើឡើងបែបនេះ ក្នុងសេចក្តីសង្ខេបព័ត៌មាន ស្តីពី «លទ្ធផល នៃការអនុវត្តបទឈប់បាញ់រវាងកម្ពុជា-ថៃ» សម្រាប់ព្រឹកថ្ងៃចន្ទ ទី០៤ ខែសីហា ឆ្នាំ២០២៥ នៅទីស្តីការគណៈរដ្ឋមន្ត្រី ។

អ្នកនាំពាក្យ គូសបញ្ជាក់ថា «មកដល់វេលាម៉ោង៦៖១០ព្រឹកនេះ សភាពការណ៍នៅជួរមុខ តាមបន្ទាត់ព្រំដែន ទិសខេត្តព្រះវិហារ និងខេត្តឧត្តរមានជ័យ គឺមានសភាពស្ងប់ស្ងាត់។ ចំពោះកងកម្លាំងរបស់យើង គឺស្ថិតនៅក្នុងការប្រុងប្រយ័ត្នខ្ពស់ ក្នុងការអនុវត្តយ៉ាងម៉ឺងម៉ាត់ នៅក្នុងតួនាទីរបស់ខ្លួន»។

យោងតាមសេចក្តីប្រកាសព័ត៌មាន របស់អ្នកនាំពាក្យក្រសួងការពារជាតិកម្ពុជា នៅថ្ងៃទី០៣ ខែសីហា ឆ្នាំ២០២៥ បានឱ្យដឹងថា តាមព័ត៌មានដែលទើបទទួលបាន នៅវេលាម៉ោង ១០:៤៩នាទី ថ្ងៃទី០៣ ខែសីហា ឆ្នាំ២០២៥ កងទ័ពថៃ សហការជាមួយអាជ្ញាធរថៃ បានណែនាំឱ្យប្រជាជនខ្លួន ដែលនៅសេសសល់នៅតំបន់ ជាប់ព្រំដែនក្នុងខេត្តសុរិន្ទ ឱ្យចេញឱ្យអស់ត្រឹមយប់នេះ ។

តាមប្រភពព័ត៌មាន ដដែលក៏បានបញ្ជាក់ថា កងទ័ពថៃគ្រោងនឹងបើកការវាយលុកតាមបណ្តោយព្រំដែន ចាប់តាំងពីតំបន់ប្រាសាទតាមាន់ ប្រាសាទតាក្របី ប្រាសាទព្រះវិហាររហូតដល់តំបន់អានសេះ ដែលការវាយលុកនេះនឹងចាប់ផ្ដើមក្នុងពេលឆាប់ៗនេះ មុនកិច្ចប្រជុំគណៈកម្មាធិការកិច្ចការព្រំដែនទូទៅ (GBC) ដែលគ្រោងនៅថ្ងៃទី០៧ ខែសីហា ឆ្នាំ២០២៥ នៅទីក្រុងកូឡាឡាំពួរ ប្រទេសម៉ាឡេស៊ី។

ការរៀបចំផែនការវាយលុកនេះ ជាការរំលោភមកលើបូរណភាពទឹកដីកម្ពុជា នៅមុនកិច្ចប្រជុំគណៈកម្មាធិការ កិច្ចការព្រំដែនទូទៅ(GBC) ហើយក៏ជាការរំលោភយ៉ាងធ្ងន់ធ្ងរបំផុត នូវបទឈប់បាញ់ ដែលប្រទេសទាំងពីរបានឯកភាពគ្នា កាលពីថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៥ នៅទីក្រុងកូឡាឡាំពួរ ដែលមានម៉ាឡេស៊ី សហរដ្ឋអាមេរិក និងចិនជាសាក្សី៕

To Top