ព័ត៌មានជាតិ

អាល្លឺម៉ង់ ស្វាគមន៍ការកោះប្រជុំ GBC ជាជំហានដ៏សំខាន់ឆ្ពោះទៅ រកការកសាងទំនុកចិត្ត និងស្ថិរភាពឡើងវិញ រវាងកម្ពុជា-ថៃ

ភ្នំពេញ ៖ លោក Stefan Messerer ឯកអគ្គរដ្ឋទូតអាល្លឺម៉ង់ ប្រចាំកម្ពុជា បានលើកឡើងថា ប្រទេសអាល្លឺម៉ង់ស្វាគមន៍ ការកោះប្រជុំគណៈកម្មាធិការព្រំដែន ទូទៅកម្ពុជា-ថៃ (GBC) ជាជំហានដ៏សំខាន់មួយឆ្ពោះ ទៅរកការកសាងទំនុកចិត្ត និងស្ថិរភាពឡើងវិញ ។

តាមរយៈ Facebook ផ្លូវការ របស់ស្ថានទូតអាល្លឺម៉ង់ នៅថ្ងៃទី៤ ខែសីហា ឆ្នាំ២០២៥នេះ ថា ខណៈដែលកម្ពុជា និងថៃ បានកោះប្រជុំ នៅថ្ងៃនេះ ទី៤ ខែសីហា សម្រាប់គណៈកម្មាធិការព្រំដែនទូទៅ (GBC) ដំណើរទស្សនកិច្ចនាពេលថ្មីៗនេះ របស់លោកឯកអគ្គរដ្ឋទូត Stefan Messerer ទៅកាន់តំបន់ព្រំដែនក្នុងខេត្តឧត្តរមានជ័យ និងខេត្តសៀមរាប នៅថ្ងៃសុក្រ ទី០១ ខែសីហា រួមជាមួយនឹង លោកឧបនាយករដ្ឋមន្ត្រី រដ្ឋមន្រ្តីការបរទេស ប្រាក់ សុខុន និងសមាជិកសហគមន៍ការទូត ធ្វើជាការរំលឹកទាន់ពេលវេលាថា ចំណុចស្នូលនៃជម្លោះនីមួយៗគឺជាជីវិតពិត និងមនុស្សពិត ។

បន្ទាប់ពីបទឈប់បាញ់ នាពេលថ្មីៗនេះ ដំណើរទស្សនកិច្ចនេះបានបំភ្លឺ អំពីស្ថានភាពនៃជនភៀសសឹក ដែលត្រូវបានបង្ខំឱ្យចាកចេញពីផ្ទះ របស់ពួកគេ។

លោក បានបញ្ជាក់ជាថ្មី ពីការប្តេជ្ញាចិត្តរបស់អាល្លឺម៉ង់ក្នុងការគាំទ្រសន្តិភាព តាមរយៈការសន្ទនា ដោយសង្កត់ធ្ងន់ថា អ្នកដែលរងផលប៉ះពាល់ខ្លាំងបំផុត ជាពិសេសបុគ្គល និងគ្រួសារ ដែលត្រូវបានផ្លាស់ទីលំនៅ មិនត្រូវបំភ្លេចចោល ក្នុងដំណើរការការទូតឡើយ ។ សុវត្ថិភាព សេចក្តីថ្លៃថ្នូរ និងសិទ្ធិក្នុងការវិល ត្រឡប់មកមាតុភូមិវិញ ដោយសន្តិភាព ត្រូវតែរក្សាជាស្នូលនៃកិច្ចខិតខំប្រឹងប្រែង ​ទាំងអស់ឆ្ពោះទៅរកការបន្ធូរបន្ថយភាពតានតឹង និងការផ្សះផ្សា។

លោក ថា «ប្រទេសអាល្លឺម៉ង់ស្វាគមន៍ការកោះប្រជុំ GBC ជាជំហានដ៏សំខាន់មួយឆ្ពោះទៅរកការកសាងទំនុកចិត្ត និងស្ថិរភាពឡើងវិញ ។ សន្តិភាពប្រកបដោយនិរន្តរភាព ទាមទារលើសពីកិច្ចព្រមព្រៀង ដែលបានចរចា វាទាមទារឱ្យស្តាប់អ្នក ដែលមិននៅតុចរចារ ប៉ុន្តែនៅជិត ការរងគ្រោះបំផុត» ៕

To Top