ព័ត៌មានជាតិ

ក្រសួងការពារជាតិ ៖ ថៃ បញ្ជូនកម្លាំង និងគ្រឿងចក្រចូល ក្នុងតំបន់អានសេះ គឺជាការរំលោភ ដល់បទឈប់បាញ់យ៉ាងគឃ្លើន

ភ្នំពេញ ៖ អ្នកនាំពាក្យក្រសួងការពារជាតិ កម្ពុជា បានឱ្យដឹងថា ថៃ បញ្ជូនកម្លាំងប្រដាប់ដោយអាវុធគ្រប់ដៃ និងគ្រឿងចក្រចូល ក្នុងតំបន់អានសេះ ដែលជាដែនអធិបតេយ្យ របស់កម្ពុជា គឺជាការរំលោភដល់បទឈប់បាញ់យ៉ាងគឃ្លើន និងបានបង្កការគំរាមកំហែង ដ៏ធ្ងន់ធ្ងរបំផុតចំពោះសន្តិភាព។

យោងតាមសេចក្តីប្រកាសព័ត៌មានរបស់ អ្នកនាំពាក្យក្រសួងការពារជាតិ នារសៀលថ្ងៃទី៤ ខែសីហា ឆ្នាំ២០២៥ ក្រសួងការពារជាតិ បានជម្រាបជូនដល់សាធារណជន និងអ្នកសារព័ត៌មានជាតិនិងអន្តរជាតិ អំពីការវិវត្តថ្មីៗ នៃស្ថានការណ៍នៅតំបន់ព្រំដែនកម្ពុជា-ថៃ ថា នៅវេលាម៉ោង ១១ ព្រឹកនេះ ថៃបានបញ្ជូនកម្លាំងប្រដាប់ដោយអាវុធគ្រប់ដៃ និងគ្រឿងចក្រចូលក្នុងតំបន់អានសេះ ដែលជាដែន អធិបតេយ្យរបស់កម្ពុជា ហើយថែមទាំង បានរាយបន្លាលួស បើទោះបីជាត្រូវបានហាមឃាត់យ៉ាងខ្លាំង ពីសំណាក់កងកម្លាំង របស់យើងយ៉ាងណាក៏ដោយ ។

គួររំលឹកផងដែរថា កម្ពុជាទើបតែបានរៀបចំឱ្យមានដំណើរកិច្ចរបស់អនុព័ន្ធយោធាបរទេសប្រចាំនៅកម្ពុជា ទៅកាន់ទីកន្លែងទាំងនោះ កាលពីថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២៥ ដែលនេះ បញ្ជាក់ឱ្យឃើញយ៉ាងច្បាស់ថា វាជាដែនអធិបតេយ្យរបស់កម្ពុជា ។ ក្រសួង ថា «ទង្វើនេះ គឺជាការរំលោភ ដល់បទឈប់បាញ់ យ៉ាងគឃ្លើន និងបានបង្កការគំរាមកំហែងដ៏ធ្ងន់ធ្ងរបំផុត ចំពោះសន្តិភាព និងសន្តិសុខនៅតាមបណ្តោយព្រំដែននៃប្រទេសទាំងពីរ ក៏ដូចជាតំបន់ទាំងមូល» ។

កម្ពុជា ក៏បានអំពាវនាវដល់សហគមន៍អន្តរជាតិ ជាពិសេសប្រទេសដៃគូ ដែលបានខិតខំប្រឹងប្រែងជួយឱ្យសម្រេចបានបទឈប់បាញ់ដ៏លំបាកមួយនេះ ហើយសុទ្ធតែមានបំណង ចង់ឃើញបទឈប់បាញ់មួយនេះ ត្រូវបានអនុវត្តដោយពេញលេញ និងប្រកបប្រសិទ្ធភាព ទាមទារឱ្យថៃ បញ្ឈប់ទង្វើឈ្លានពាន របស់ខ្លួន ជាបន្ទាន់ និងគោរពឱ្យបានម៉ឺងម៉ាត់ នូវច្បាប់អន្តរជាតិ ជាពិសេសអធិបតេយ្យ និងបូរណភាពទឹកដីរបស់កម្ពុជា ។

To Top