ភ្នំពេញ៖ សម្តេចេធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានថ្លែងគូសបញ្ជាក់ថា ទោះជាស្ថានការណ៏មានការវិវត្តប្រែប្រួលយ៉ាងណា ក៏រាជរដ្ឋាភិបាលកម្ពុជានៅតែបន្តតាមដាន ដោយយកចិត្តទុកដាក់បំផុត ចំពោះសុវត្ថិភាពរបស់យោធាកម្ពុជាចំនួន១៨រូប ដែលកំពុងស្ថិតក្នុងការឃុំខ្លួន របស់អាជ្ញាធរថៃ ខណៈកំពុងចាត់វិធានការ តាមយន្តការចាំបាច់ផ្សេងៗ ដើម្បីឱ្យមានការដោះលែង ។
តាមរយៈបណ្តាញសង្គមនាថ្ងៃទី៤ ខែសីហា ឆ្នាំ២០២៥នេះ សម្តេចធិបតី បានផ្ញើសារជូនជនរួមជាតិ ជាទីស្រលាញ់ថា “ទោះជាស្ថានការណ៏ មានការវិវត្តប្រែប្រួលយ៉ាងណា ក៏រាជរដ្ឋាភិបាលកម្ពុជានៅតែបន្តតាមដានដោយយកចិត្តទុកដាក់បំផុត ចំពោះសុវត្ថិភាពរបស់យោធាកម្ពុជាចំនួន១៨រូប ដែលកំពុងស្ថិតក្នុងការឃុំខ្លួនរបស់អាជ្ញាធរថៃ ចាប់តាំងពីថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២៥ និងកំពុងចាត់វិធានការ តាមយន្តការចាំបាច់ផ្សេងៗ ដើម្បីឱ្យមានការដោះលែងយោធាកម្ពុជាឱ្យបានឆាប់បំផុត និងមានសុវត្ថិភាព ។
ក្នុងនោះ ក្រសួងការពារជាតិ អគ្គមេបញ្ជាការ មេបញ្ជាការយោធភូមិភាគរបស់កម្ពុជា បានធ្វើការជាប់ជាប្រចាំជាមួយភាគីថៃ និងបានស្នើម៉ាឡេស៊ី ក្នុងនាមជាប្រធានអាស៊ាន ធ្វើការជាមួយអាជ្ញាធរថៃលើកិច្ចការនេះ។
រាជរដ្ឋាភិបាល ក៏បានប្រគល់ភារកិច្ច ជូនក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ តាមរយៈស្ថានបេសកកម្មអចិន្ត្រៃយ៍កម្ពុជា ប្រចាំអង្គការសហប្រជាជាតិ និងអង្គការអន្តរជាតិ នៅទីក្រុងហ្សឺណែវ ធ្វើការជាមួយគណៈកម្មាធិការអន្តរជាតិកាកបាទក្រហម (ICRC) ដើម្បីខិតខំជំរុញការដោះលែងឱ្យបានឆាប់បំផុត ។
ទន្ទឹមនេះ រាជរដ្ឋាភិបាលក៏ បានប្រគល់ភារកិច្ច ជូនគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា ធ្វើការជាមួយការិយាល័យឧត្តមស្នងការ អង្គការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្ស (OHCHR) គណៈកម្មការអន្តររដ្ឋាភិបាលអាស៊ាន ទទួលបន្ទុកសិទ្ធិមនុស្ស (AICHR) និងគណៈកម្មការសិទ្ធិមនុស្សជាតិ របស់ប្រទេសថៃ (National Human Rights Commission of Thailand) ដើម្បីខិតខំជំរុញបន្ថែមទៀតឱ្យមានការដោះលែង និងបញ្ជូនយោធាកម្ពុជាទាំង១៨ រូប ត្រលប់មកមាតុប្រទេសវិញ ឱ្យបានឆាប់បំផុត៕
