ភ្នំពេញ ៖ ក្នុងសន្និសីទ ស្តីពីការបំពាន កិច្ចព្រមព្រៀង បទឈប់បាញ់ ពីសំណាក់កងទ័ពថៃ នារសៀលថ្ងៃ៤ សីហា លោកស្រីម៉ាលី សុជាតា អ្នកនាំពាក្យក្រសួងការពារជាតិ បានបញ្ជាក់ជាថ្មីទៀតថា ភាគីថៃបានបញ្ជូនកងកំលាំងប្រដាប់អាវុធគ្រប់ដៃ ចូលមកកាន់តំបន់អានសេះ និងតំបន់ផ្សេងទៀតរបស់កម្ពុជា នៅម៉ោងប្រមាណជា១១ព្រឹកថ្ងៃ៤ សីហានេះ គឺជាការបង្កការគំរាមកំហែងយ៉ាងធ្ងន់ធ្ងរដល់សន្តិភាព និងសន្តិសុខតាមបន្ទាត់ព្រំដែន ។
ជាមួយគ្នានេះ ក្នុងនាមអ្នកនាំពាក្យការពារជាតិ លោកស្រីអំពាវនាវ ដល់សហគមន៍អន្តរជាតិ ជាពិសេសប្រទេសដៃគូ ដែលបានខិតខំប្រឹងប្រែង ជួយឲ្យសម្រេចបានបទឈប់បាញ់ដ៏លំបាកមួយនេះ ហើយសុទ្ធតែមានបំណងចង់ឃើញបទឈប់បាញ់មួយនេះ ត្រូវបានអនុវត្តដោយពេញលេញ និងប្រកបប្រសិទ្ធភាព ។ លោកស្រីក៏ទាមទារឲ្យថៃ បញ្ឈប់ទង្វើឈ្លានពានរបស់ខ្លួនជាបន្ទាន់ និងគោរពឲ្យបានម៉ឺងម៉ាត់ នូវច្បាប់អន្តរជាតិ ជាពិសេសអធិបតេយ្យ និងបូរណភាពទឹកដីរបស់កម្ពុជា ៕

