ព័ត៌មានជាតិ

ក្រសួងការងារ នាំយកឱកាសការងារជាង ៧ពាន់កន្លែង សម្រាប់ប្រជាពលរដ្ឋ និងពលករខ្មែរ ដែលទើបត្រឡប់មកពីប្រទេសថៃ នៅក្នុងខេត្តសៀមរាប

សៀមរាប៖លោក​ ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ នារសៀលថ្ងៃទី០៣ ខែសីហា ឆ្នាំ២០២៥នេះ បាននាំយកឱកាសការងារ រាប់ម៉ឺនកន្លែង ទៅផ្សព្វផ្សាយ ជូនដល់ប្រជាពលរដ្ឋ ជាពិសេស បងប្អូនពលករខ្មែរ ដែលទើបត្រឡប់មកពីប្រទេសថៃ ឱ្យទទួលបានការងារភ្លាមៗ ពីក្រុមហ៊ុនធំៗចំនួន ៤ ដែលមានតម្រូវការកម្លាំងពលកម្មជាង ៧ពាន់កន្លែង។

ការផ្សព្វផ្សាយនេះ ធ្វើឡើងក្នុងពេលលោកហេង សួរ អមដោយលោក​ ឌី រ៉ាដូ អភិបាលរង នៃគណៈអភិបាលខេត្តសៀមរាប និងអាជ្ញាធរពាក់ព័ន្ធ បានអញ្ជើញបើកកម្មវិធី «វេទិកាការងារ» របស់ទីភ្នាក់ងារជាតិមុខរបរ និងការងារ (NEA) នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នៅឃុំព្រៃជ្រូក និងឃុំមុខប៉ែន ក្នុងស្រុកពួក ខេត្តសៀមរាប នារសៀលថ្ងៃទី០៣ ខែសីហា ឆ្នាំ២០២៥នេះ ។

ថ្លែងក្នុងឱកាសនោះ លោករដ្ឋមន្ត្រីបានមានប្រសាសន៍ថា វេទិកានេះ មានក្រុមហ៊ុន រោងចក្រ សហគ្រាស ដែលមកពីបណ្តាលខេត្តក្រុងនានា​ក្នុងប្រទេសកម្ពុជា បានចុះមកផ្ទាល់ដើម្បីធ្វើការសម្ភាសជ្រើសរើសបុគ្គលិកកម្មករជាមួយនឹងបងប្អូនប្រជាពលរដ្ឋភា្លមៗ ក្នុងនោះមានរោងចក្រផលិតសម្លៀកបំពាក់ ផលិតស្បែកជើង និងផលិតផលិតផលជាច្រើនទៀត។

ជាមួយគ្នានោះ លោករដ្ឋមន្រ្តីបានបញ្ជាក់ថា បងប្អូនពលករខ្មែរ ដែលទទួលបានការងារធ្វើនៅស្រុកយើង នឹងអាចទទួលបានប្រាក់ខែចន្លោះពី ២៥០ដុល្លារទៅ ៣០០ដុល្លារ ហើយប្រសិនបើបូករួមទាំងអត្ថប្រយោជន៍ផ្សេងៗទៀតអាចលើសពី ៣០០ដុល្លារក្នុងមួយខែសម្រាប់ផ្គត់ផ្គង់គ្រួសារ។ លើសពីនេះ បងប្អូនប្រជាពលរដ្ឋដែលទទួលបានការងារធ្វើនៅស្រុកខ្មែរ នឹងទទួលបានការគាំពារចំពោះសុខុមាលភាព ទាំងពេលឈឺ និងពេលគ្រោះថ្នាក់ ហើយពេលចាស់ទៅក៏នឹងទទួលបានប្រាក់សោធន (ប្រាក់រ៉ឺត្រែត) ពី ប.ស.ស. នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈថែមទៀតផង។

លោករដ្ឋមន្រ្តី បានបន្តទៀតថា សម្រាប់ស្រ្តីមានផ្ទៃពោះ នឹងទទួលបានសេវាពិនិត្យផ្ទៃពោះ មុន និងក្រោយសម្រាលដោយឥតគិតថ្លៃនៅគ្រប់មន្ទីរពេទ្យដៃគូ ប.ស.ស. ជាមួយនឹងប្រាក់ឧបត្ថម្ភបន្ថែម របស់រាជរដ្ឋាភិបាលចំនួន ១៤លើក ដែលក្នុងមួយលើកទទួលបានប្រាក់ចំនួន ៨ម៉ឺនរៀល ពិសេសពេលសម្រាលកូន នឹងទទួលបានសេវាសម្រាលដោយឥតគិតថ្លៃ រួមទាំងប្រាក់ឧបត្ថម្ភបន្ថែមពីរាជរដ្ឋាភិបាលចំនួន ៨០ម៉ឺនរៀល សម្រាលបានកូនម្នាក់ សម្រាលបានកូនភ្លោះពីរនាក់ទទួលបាន ១លាន ២០ម៉ឺនរៀល និងសម្រាលបានកូនភ្លោះបីនាក់ទទួលបានចំនួន ១លាន ៦០ម៉ឺនរៀល រួមទាំងប្រាក់បំណាច់មាតុភាពចំនួន ៩០ថ្ងៃ ពី ប.ស.ស. នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈថែមទៀតផង។

ក្នុងវេទិកានោះផងដែរ លោក​ ហេង សួរ បានអំពាវនាវដល់ប្រជាពលរដ្ឋ ជាពិសេសពលករខ្មែរដែលទើបត្រឡប់ពីប្រទេសថៃ ដែលចង់រកការងារធ្វើ កុំភ្លេចទាក់ទងមកក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ ដែលមានដាក់លេខទូរស័ព្ទនៅក្នុងខិត្តប័ណ្ណដែលក្រុមការងារក្រសួងបានចែកជូន ដើម្បីទទួលបានការងារភ្លាមៗ និងធ្វើឱ្យបងប្អូនមានប្រាក់ចំណូលសម្រាប់ដោះស្រាយជីវភាព៕

To Top