ព័ត៌មានជាតិ

លោកបណ្ឌិត លី ឆេង ប្រគល់ប័ណ្ណអាហារូបករណ៍ពិសេស ១០០% សិក្សារយៈពេល ១២ឆ្នាំ ដល់កូនស្រីវីរយុទ្ធជនពលី ក្នុងបុព្វហេតុការពារបូរណភាពទឹកដី ពីការឈ្លានពានរបស់កងទ័ពថៃ

ភ្នំពេញ ៖ ដោយទទួលបានការអនុញ្ញាតពី សម្តេចមហាបវរធិបតី និង លោកជំទាវបណ្ឌិត លោកបណ្ឌិត លី ឆេង តំណាងរាស្ដ្រមណ្ឌលរាជធានីភ្នំពេញ ស្ថាបនិក-អគ្គនាយក នៃប៊ែលធី គ្រុប បានជួបសំណេះសំណាល និងប្រគល់ប័ណ្ណអាហារូបករណ៍ពិសេស ១០០% សិក្សារយៈពេល ១២ឆ្នាំ របស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី និង លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ជូនកូនស្រីបង្កើតរបស់វីរយុទ្ធជន លោកអនុសេនីយ៍ឯក ពោ វៃ ដែលបានពលីក្នុងបុព្វហេតុការពារបូរណភាពទឹកដីពីការឈ្លានពានរបស់កងទ័ពថៃ កាលពីថ្ងៃទី២៤ – ២៨ ខែកក្កដា ឆ្នាំ២០២៥។

ជាមួយគ្នានេះ ដោយទទួលបានការណែនាំពី លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត នៅរសៀលថ្ងៃទី៤ ខែសីហា ឆ្នាំ២០២៥នេះ លោកបណ្ឌិត លី ឆេង បានជួបសំណេះសំណាល និងប្រគល់ប័ណ្ណអាហារូបករណ៍ពិសេស ១០០% សិក្សារយៈពេល ១២ឆ្នាំ របស់សម្តេចមហាបវរធិបតី និង លោកជំទាវបណ្ឌិត ជូនដល់ក្មួយស្រី វៃ ណារី ដែលត្រូវជាកូនស្រីបង្កើតរបស់វីរយុទ្ធជន លោកអនុសេនីយ៍ឯក ពោ វៃ ឱ្យមានឱកាសបានមកបន្តការសិក្សានៅសាលា ប៊ែលធី អន្តរជាតិ មួយចប់កម្មវិធីសិក្សា ទាំងថ្នាក់ចំណេះទូទៅ (ថ្នាក់ទី១ ដល់ ថ្នាក់ទី១២) និងភាសាអង់គ្លេសទូទៅ (Starter ដល់ Level 12)។

ចំពោះ អាហារូបករណ៍ពិសេស នេះ រួមមាន៖
*១- អាហារូបករណ៍ ១០០% សិក្សាមួយចប់កម្មវិធីទាំងថ្នាក់ចំណេះទូទៅ និងភាសាអង់គ្លេសទូទៅ
*២- ឯកសណ្ឋានថ្នាក់ចំណេះទូទៅ ចំនួន ២កំប្លេ និងអាវយឺត ចំនួន ១ ជារៀងរាល់ឆ្នាំ
*៣- អាវយឺតថ្នាក់ភាសាអង់គ្លេស ចំនួន ២ ជារៀងរាល់វគ្គ
៤- សៀវភៅពុម្ពសិក្សាថ្នាក់ចំណេះទូទៅ និងភាសាអង់គ្លេសទូទៅ ១ឈុត ជារៀងរាល់វគ្គ/ឆ្នាំ
*៥- កញ្ចប់កម្មវិធីសិក្សាបន្ថែមថ្នាក់ចំណេះទូទៅ និងភាសាអង់គ្លេសទូទៅ ជារៀងរាល់វគ្គ/ឆ្នាំ។

ក្នុងឱកាសដ៏ក្រៀមក្រំនេះ លោកបណ្ឌិតអគ្គនាយក ក៏បានចូលរួមរំលែកទុក្ខយ៉ាងសោកសៅបំផុតជាមួយក្រុមគ្រួសារចំពោះការពលីរបស់ លោកអនុសេនីយ៍ឯក ពោ វៃ ។ ការពលីរបស់ លោកអនុសេនីយ៍ឯក គឺជាការបាត់បង់នូវវីរកងទ័ពដ៏ក្លាហានដែលហ៊ានលះបង់គ្រប់បែបយ៉ាង សូម្បីអាយុជីវិត ដើម្បីបុព្វហេតុការពារជាតិមាតុភូមិ និងទឹកដីរបស់យើងឱ្យបានគង់វង្សសម្រាប់កូនខ្មែរជំនាន់ក្រោយគ្រប់ៗជំនាន់តរៀងទៅ។ ជាពិសេស គឺជាការបាត់បង់នូវឧត្តមស្វាមី និងលោកឱពុកប្រកបដោយព្រហ្មវិហារធម៌ ដែលតែងតែចិញ្ចឹមបីបាច់ ថែរក្សា និងទំនុកបម្រុងក្រុមគ្រួសារគ្រប់ពេលវេលាដោយមិនគិតពីការនឿយហត់។

លោកបណ្ឌិត លី ឆេង បានលើកទឹកចិត្តក្មួយស្រី ត្រូវខិតខំសិក្សារៀនសូត្រ ដើម្បីអនាគតរបស់ក្មួយស្រីផ្ទាល់ ជាពិសេសបំពេញបំណងប្រាថ្នារបស់លោកឪពុក និងតបស្នងសងគុណអ្នកម្តាយ ដែលកំពុងបីបាច់ថែរក្សាក្មួយសព្វថ្ងៃនេះ។

លោកបណ្ឌិត លី ឆេង ថ្លែងថា «សូមក្មួយ កុំបារម្ភ បើទោះបី លោកឪពុកក្មួយបានពលីក៏ពិតមែន តែក្មួយនៅមាន ម្តាយ ជាពិសេស សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និង សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ព្រមទាំង សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី និង លោកជំទាវបណ្ឌិត រួមជាមួយ ថ្នាក់ដឹកនាំ បុគ្គលិក លោកគ្រូ អ្នកគ្រូ នៃសាលា ប៊ែលធី អន្តរជាតិទាំងអស់ ចាំជួយទំនុកបម្រុងរហូតដល់រៀនចប់ចុងចប់ដើម ចាប់ពីថ្នាក់ចំណេះទូទៅ (K12) នេះ រហូតដល់ថ្នាក់ឧត្តមសិក្សា»។

លោកបណ្ឌិត លី ឆេង សូមបួងសួងដល់ដួងវិញ្ញាណក្ខន្ធសពវីរយុទ្ធជន លោកអនុសេនីយ៍ឯក ពោ វៃ សូមបានទៅកាន់សុគតិភពកុំបីឃ្លៀងឃ្លាតឡើយ។

គួរជម្រាបថា ដើម្បីចូលរួមចំណែកជាមួយរាជរដ្ឋាភិបាលកម្ពុជា និងដើម្បីសម្រាលបន្ទុកហិរញ្ញវត្ថុក្នុងគ្រួសារវីរកងទ័ពដែលបានពលីជីវិត និងពិការ ក្នុងបុព្វហេតុការពារបូរណភាពទឹកដីកម្ពុជា សាលា ប៊ែលធី អន្តរជាតិ សូមផ្តល់អាហារូបករណ៍១០០% រហូតដល់ចប់កម្មវិធីសិក្សាសម្រាប់ ថ្នាក់ចំណេះទូទៅ (ថ្នាក់ទី១ ដល់ថ្នាក់ទី១២) និងថ្នាក់ភាសាអង់គ្លេសទូទៅ (Starter to Level 12) រហូតដល់ចប់កម្មវិធីសិក្សា៕

To Top