ព័ត៌មានជាតិ

អនុសញ្ញា ស្តីពីគ្រាប់បែកចង្កោម ប្តេជ្ញាកាត់បន្ថយផលវិបាកមនុស្សធម៌ បង្កឡើង ដោយការប្រើគ្រាប់បែកចង្កោម​ ដោយយោធាថៃ នៅតាមបណ្តោយព្រំដែនកម្ពុជា

ភ្នំពេញ ៖ អនុសញ្ញាស្តីពីគ្រាប់បែកចង្កោម (CCM) ប្តេជ្ញារក្សានូវបទដ្ឋាន និងគោលការណ៍របស់អនុសញ្ញា និងរួមចំណែកកាត់បន្ថយផលវិបាកមនុស្សធម៌ ដែលបង្កឡើងដោយការប្រើប្រាស់ គ្រាប់បែកចង្កោម ដោយយោធាថៃ នៅតាមបណ្តោយព្រំដែនកម្ពុជា។

យោងតាមគេហទំព័រហ្វេសប៊ុករបស់ លោកទេសរដ្ឋមន្រ្តី លី ធុជ អនុប្រធានទី១ អាជ្ញាធរមីន នៅថ្ងៃទី៥ ខែសីហា ឆ្នាំ២០២៥ បានឱ្យដឹងថា លោក CARLOS D. SORRETA ប្រធានកិច្ចប្រជុំរដ្ឋភាគីលើកទី១៣ នៃអនុសញ្ញា ស្តីពីគ្រាប់បែកចង្កោម (CCM) បានទទួលលិខិតផ្លូវការ របស់កម្ពុជា ស្តីពីការថ្កោលទោស ចំពោះការប្រើប្រាស់គ្រាប់បែកចង្កោមដោយយោធាថៃ នៅតាមបណ្តោយព្រំដែនកម្ពុជា។

ប្រធាន អនុសញ្ញាស្តីពីគ្រាប់បែកចង្កោម បានកោតសរសើរ ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់កម្ពុជា ក្នុងការគាំទ្រ ចំពោះគោលការណ៍មនុស្សធម៌ ដែលមានចែងនៅក្នុងអនុសញ្ញាស្តីពីគ្រាប់បែកចង្កោម និងធ្វើការបោសសម្អាតផ្ទៃដីដែលរងគ្រោះដោយសារគ្រាប់បែកចង្កោមនៅកម្ពុជា។ ភាពតានតឹង និងការប៉ះទង្គិចប្រដាប់អាវុធនៅតាមព្រំដែនកម្ពុជា-ថៃ បានបង្កជាក្តីព្រួយបារម្ភយ៉ាងខ្លាំង ហើយយើងត្រូវធានាថា ការការពារប្រជាជនស៊ីវិល គឺជាកិច្ចការអាទិភាពចម្បងបំផុត។

ប្រធាន អនុសញ្ញាស្តីពីគ្រាប់បែកចង្កោម បានប្តេជ្ញារក្សានូវបទដ្ឋាន និងគោលការណ៍របស់អនុសញ្ញា និងរួមចំណែកកាត់បន្ថយផលវិបាកមនុស្សធម៌ ដែលបង្កឡើងដោយការប្រើប្រាស់គ្រាប់បែកចង្កោម។

ប្រធាន អនុសញ្ញាស្តីពីគ្រាប់បែកចង្កោម សង្ឃឹមថា តាមរយៈកិច្ចសន្ទនា និងការយោគយល់គ្នា យើងនឹងអាចរកឃើញផ្លូវបន្តឆ្ពោះទៅមុខ ដែលគោរពដល់សេចក្តីថ្លៃថ្នូររបស់មនុស្ស និងគោលការណ៍មនុស្សធម៌អន្តរជាតិ ហើយនាំមកនូវសន្តិភាព និងសុខសុវត្ថិភាពយូរអង្វែង ចំពោះប្រទេសជាតិ និងតំបន់របស់យើង៕

To Top