ព័ត៌មានជាតិ

ក្រសួងការពារជាតិ ៖ មកដល់ថ្ងៃទី៥ សីហា ភាគីថៃ មិនទាន់រុះរើបន្លាលួស និងគ្រឿងចក្រ ចេញពីតំបន់អានសេះនៅឡើយ

ភ្នំពេញ ៖ ក្រសួងការពារជាតិ បានឱ្យដឹងថា កងទ័ពកម្ពុជា បានធ្វើទំនាក់ទំនងជាមួយកងទ័ពថៃ ដើម្បីឱ្យកងទ័ពថៃរុះរើបន្លាលួស និងដកចេញនូវគ្រឿងចក្ររបស់ខ្លួន ជាបន្ទាន់ពីដែនអធិបតេយ្យរបស់កម្ពុជា រហូតមកដល់ ថ្ងៃទី០៥ ខែសីហា នេះ មិនទាន់មានការរុះរើនៅឡើយ។

កាលពីវេលាម៉ោង ១១ ព្រឹកថ្ងៃទី០៤ ខែសីហា ឆ្នាំ២០២៥ កងកម្លាំងប្រដាប់អាវុធថៃ អមដោយគ្រឿងចក្រធន់ធ្ងន់ដូចជា គ្រឿងចក្រ កាយដី (អេស្កាវ៉ាទ័រ) បានចល័តចូលតំបន់អានសេះ ដែលជាដែនដីអធិបតេយ្យភាពកម្ពុជា ហើយថែមទាំងបានរាយបន្លាលួស បើទោះបីជាត្រូវបានហាមឃាត់យ៉ាងខ្លាំង ពីសំណាក់ កងកម្លាំង របស់កម្ពុជា យ៉ាងណាក៏ដោយ។

យោងតាមគេហទំព័រហ្វេសប៊ុករបស់ ក្រសួងការពារជាតិ នៅថ្ងៃទី៤ ខែសីហា ឆ្នាំ២០២៥នេះ ថា «កងទ័ពកម្ពុជាបានធ្វើទំនាក់ទំនង ជាមួយកងទ័ពថៃ ដើម្បីឱ្យកងទ័ពថៃរុះរើបន្លាលួស និងដកចេញនូវគ្រឿងចក្ររបស់ខ្លួនជាបន្ទាន់ពីដែនអធិបតេយ្យរបស់កម្ពុជា រហូតមកដល់ ថ្ងៃទី០៥ ខែសីហា នេះ មិនទាន់មានការរុះរើនៅឡើយ ហើយភាគីទាំងពីរបាននិងកំពុងពិភាក្សាគ្នា» ។

គួររំលឹកផងដែរថា នាពេលថ្មីៗនេះ កម្ពុជាទើបបានរៀបចំដំណើរទស្សនកិច្ចជូនអនុព័ន្ធយោធាបរទេសទៅកាន់ទីតាំងទាំងនោះ កាលពីថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២៥ ហើយនេះជាការបង្ហាញយ៉ាងច្បាស់ថា ទីតាំងទាំងនោះស្ថិតនៅ ក្រោមអធិបតេយ្យភាពកម្ពុជា និងក្រោមការគ្រប់គ្រងរបស់កងកម្លាំង ប្រដាប់អាវុធកម្ពុជា បន្ទាប់ពីបទឈប់បាញ់ចូលជាធរមាន កាលពីរំលងអាធ្រាត្រ ថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៥។

ទង្វើទាំងនេះរបស់យោធាថៃ ជាការរំលោភបំពានយ៉ាងគឃ្លើន លើកិច្ចព្រមព្រៀងឈប់បាញ់ និងបានបង្កការគំរាមកំហែងដ៏ធ្ងន់ធ្ងរបំផុតចំពោះសន្តិភាព និងសន្តិសុខនៅតាមបណ្តោយបន្ទាត់ព្រំដែន នៃប្រទេសទាំងពីរ ក៏ដូចជាតំបន់ទាំងមូល៕

To Top