ព្រះវិហារ៖ នាព្រឹកថ្ងៃទី៥ ខែសីហា ឆ្នាំ២០២៥ លោកបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាល និងលោកស្រី ព្រមទាំងសហការី តំណាងសប្បុរសជន ពីក្រុមហ៊ុន City Rice, រោងម៉ាស៊ីន ស៊ីវឡាយ និង ជាពិសេសតំណាងសប្បុរសជនពីសហគមន៍ខ្មែរ នៅទីក្រុងហាមីលតុន អូក្លិន និងហកស្បេ ប្រទេសនូវែលហ្សេឡង់ បានបន្តដំណើរ ចុះសួរសុខទុក្ខដល់វីរៈកងទ័ព ដែលរងរបួសដោយសារ សង្គ្រាមឈ្លានពានរំលោភ ដែនអធិបតេយ្យភាពកម្ពុជា ពីសំណាក់ចោរសៀម ដែលកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យ ។

ក្នុងនោះ លោកបណ្ឌិត និង លោកស្រី ព្រមទាំងសប្បុរសជន ក៏បាននាំយក នូវថវិកា ផ្លែឈឺ ម្ហូបអាហារ និង សម្ភារប្រើប្រាស់ ជូនដល់បងប្អូនវិរៈកងទ័ព ដើម្បីសំដែងនូវការដឹងគុណ សម្រាប់ការលះបង់ដ៏ធំធេងដើម្បីការពារបូរណភាពដែនដីខ្មែរ ពីការឈ្លានពានដោយកងទ័ពសៀម។

ក្នុងនាមថ្នាក់ដឹកនាំ ព្រមទាំងបុគ្គលិក ទាំងអស់ នៃធនាគារ ARDB និងសប្បុរសជនក្នុង និងក្រៅប្រទេសបានឃើញហើយ គួរឱ្យស្រណោះអាណិតយ៉ាង ខ្លោចចិត្តនូវវីរៈភាពតស៊ូប្ដូរជីវិត ដើម្បីការពារបូរណភាពទឹកដីនិងប្រជាជនខ្មែរយើង រហូតដល់ពិការ និងរងរបួស។ ថ្នាក់ដឹកនាំនិងបុគ្គលិកARDBទាំងអស់សូមប្តេជ្ញាបន្តនូវស្មារតីខ្មែរ ជួយខ្មែរ ខ្មែរតែមួយ និងដឹងគុណចំពោះវីរៈភាពរបស់កងទ័ព ដែលបានពលីសាច់ស្រស់ឈាមស្រស់ ដើម្បីជាតិមាតុភូមិកម្ពុជាយើង ៕








