ភ្នំពេញ ៖ អ្នកនាំពាក្យ ក្រសួងការពារជាតិកម្ពុជា បានថ្លែងថា យោធាថៃបានធ្វើសកម្មភាព រំលោភបំពានមកលើបូរណភាពទឹកដីកម្ពុជា នៅទិសអានសេះ ដោយនៅវេលាម៉ោង ៩:៩ នាទី គ្រឿងចក្រថៃបាន បន្ដកាយដី ហើយនៅម៉ោង ៩:៥០នាទី មានរថយន្ដថៃ១ គ្រឿងដឹកលេណដ្ឋានបេតុង ក្នុងនោះកង់ឡាននិង លូ (ធ្វើរួច) មកទម្លាក់នៅមុខប៉ុស្តិ៍របស់ខ្លួន ហើយនៅវេលាម៉ោង៩:៥៣ នាទី កម្លាំងកងទ័ពថៃ បានបន្ដជីកលេណដ្ឋាន។ នេះបើតាមការផ្សាយ របស់ក្រសួងការពារជាតិ មុននេះបន្តិច ។
អ្នកនាំពាក្យបន្តរៀបរាប់ទៀតថា នៅវេលាម៉ោង ១០:៥៥នាទី គ្រឿងចក្រថៃមួយគ្រឿងទៀត បានមកឈូសឆាយនៅខាងក្រោយប៉ុស្តិ៍ប៉ូលីស ចម្ងាយពីទីតាំងកងទ័ពកម្ពុជាប្រហែល ១៥ ម៉ែត្រនៅចំណុចអានសេះ និងបន្ដដាក់លូ និង កង់ឡាន ចូលលេណដ្ឋាន។
បើតាមអ្នកនាំពាក្យនេះ នេះគឺជាសកម្មភាពដ៏គឃ្លើនរបស់ថៃ ដែលរំលោភលើបទឈប់បាញ់ និងរំលោភបំពានបូរណភាពទឹកដីកម្ពុជា។ ចាប់តាំងពីព្រឹកថ្ងៃទី៥ ខែសីហា នេះ កងទ័ពកម្ពុជាបានធ្វើទំនាក់ទំនងជាមួយកងទ័ពថៃ ដើម្បីឱ្យកងទ័ពថៃរុះរើបន្លាលួស និងដកចេញ នូវគ្រឿងចក្ររបស់ខ្លួនជាបន្ទាន់ ពីដែនអធិបតេយ្យរបស់កម្ពុជា ។ រហូតមកដល់ពេលនេះ មិនទាន់មានការរុះរើនៅឡើយ ហើយភាគីទាំងពីរ បាននិងកំពុងពិភាក្សាគ្នា ៕
