តាកែវ៖ លោក វ៉ី សំណាង អភិបាលខេត្តតាកែវ នៅថ្ងៃទី០៥ ខែសីហា ឆ្នាំ២០២៥ បានចុះជួបសួរសុខទុក្ខ និងបាននាំយកអំណោយ គ្រឿងឧបភោគបរិភោគមួយចំនួន ជូនវីរៈកងទ័ព ម៉ៅ ណុល រហ័សនាម (រ៉ាំប៉ូស្រុកខ្មែរ) រស់នៅស្រុកបាទី ខេត្តតាកែវ បានបង្ហាញភាពអង់អាចក្លាហាន តាមរយៈការដោះអាវបាញ់កាំភ្លើង ធ្វើការប្រយុទ្ធតបតដោយមិនខ្លាចញញើត ជាមួយក្រុមទាហ៊ានថៃ ដែលមានមហិច្ចតាចង់រំលោភឈ្លានពាន ដែនអធិបតេយ្យភាពបូរណភាព ទឹកដីខ្មែរ។

លោកអភិបាលខេត្ត បានសម្ដែងនូវការកើតសសើរ ចំពោះវិរៈកងទ័ព ម៉ៅ ណុល និងនាយទាហាន នាយទាហានរង និងពលទាហានទាំងអស់ ចំពោះទឹកចិត្តស្នេហាជាតិ មាតុភូមិ និងភាពអង់អាច ក្លាហានក្នុងការតស៊ូប្រយុទ្ធ ជាមួយខ្មាំងសត្រូវសៀម មិនឲ្យចូលមកឈ្លានពានទឹកដីប្រទេសកម្ពុជា បានជាដាច់ខាត ។

លោកអភិបាលខេត្ត បានថ្លែងអំណរគុណ និងកោតសរសើរដោយស្មោះ ចំពោះវីរៈភាព របស់កងទ័ព និងគ្រប់បណ្តា កងកម្លាំងឈរជើង ការពារព្រំដែនទាំងអស់ បានលះបង់យ៉ាងធំធេងទាំងសាច់ស្រស់ ឈាមស្រស់ និងឃ្លាតឆ្ងាយ ពីក្រុមគ្រួសារជាទីស្រឡាញ់ ដើម្បីបុព្វហេតុការពារទឹកដី មិនឲ្យសត្រូវចូលមកឈ្លានពានបានឡើយ ៕
