ភ្នំពេញ ៖ អ្នកនាំពាក្យក្រសួងការពារជាតិកម្ពុជា បានឱ្យដឹងថា បន្លាលួសដែលកងទ័ពថៃបានរាយនៅតំបន់អានសេះ ត្រូវបានរុះរើ និងគ្រឿងចក្រថៃ ក៏ត្រូវបានផ្អាកការធ្វើសកម្មភាពហើយ នៅរសៀលថ្ងៃទី០៥ ខែសីហា ឆ្នាំ២០២៥នេះ ក្រោយពីភាគី កម្ពុជា និងភាគីថៃ បានជួបពិភាក្សា និងចរចាគ្នា។

តាមរយៈបណ្ដាញសង្គម នារសៀលថ្ងៃទី៥ ខែសីហា ឆ្នាំ២០២៥ អ្នកនាំពាក្យក្រសួងការពារជាតិ នៃ កម្ពុជា បានជម្រាបជូនសាធារណជនជ្រាបថា «ស្ថានការណ៍នៅតំបន់អានសេះ គិតត្រឹមម៉ោង ៥:៣០នាទី ថ្ងៃទី០៥ ខែសីហា ឆ្នាំ២០២៥ បន្លាលួសដែលកងទ័ពថៃ បានរាយនៅតំបន់អានសេះ កាលពីថ្ងៃទី០៤ ខែសីហា ឆ្នាំ២០២៥ ត្រូវបានរុះរើ និងគ្រឿងចក្រថៃ ក៏ត្រូវបានផ្អាកការធ្វើសកម្មភាពហើយ នៅរសៀលថ្ងៃទី០៥ ខែសីហា ឆ្នាំ២០២៥នេះ ក្រោយពីភាគីកម្ពុជា និងភាគីថៃប្រចាំការនៅតំបន់អានសេះ បានជួបពិភាក្សា និងចរចាគ្នា» ។

សូមបញ្ជាក់ថាតំបន់អានសេះ ស្ថិតនៅក្នុងបូរណភាពទឹកដីកម្ពុជា និងត្រូវបានគ្រប់គ្រងទាំងស្រុង ដោយកងទ័ពកម្ពុជា ក្រោយពីបទឈប់បាញ់រវាងកម្ពុជា-ថៃ បានចូលជាធរមាននៅម៉ោង ១២ យប់ថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៥ មក៕


