ភ្នំពេញ៖ ក្នុងថ្ងៃទី៥ ខែសីហា ឆ្នាំ២០២៥នេះ ក្រសួងការងារ និង បណ្ដុះបណ្ដាលវិជ្ជាជីវៈ បានផ្សព្វផ្សាយស្តីពីឱកាសការងារ និងការបណ្តុះបណ្តាលជំនាញ បច្ចេកទេសនិងវិជ្ជាជីវៈ ដល់ប្រជាពលរដ្ឋ និងពលករដែលទើបមកពីប្រទេសថៃបានចំនួនជាង ១ ម៉ឺននាក់ ខណៈដែលអ្នកចូលរួមប្រមាណជាង ២ពាន់នាក់ទទួលបានការងារបឋម។ នេះគឺជាការបញ្ជាក់ពីអ្នកនាំពាក្យក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ លោក ស៊ុន មេសា ដែលបានបញ្ជាក់នៅថ្ងៃទី៥ ខែសីហា ឆ្នាំ២០២៥នេះ ។

លោក ស៊ុន មេសា បញ្ជាក់ ៖ “ក្នុងថ្ងៃទី៥ ខែសីហា ឆ្នាំ២០២៥ ដែលជាថ្ងៃទី៤ នៃយុទ្ធនាការចុះផ្សព្វផ្សាយស្តីពីឱកាសការងារ និងការបណ្តុះបណ្តាល ជំនាញបច្ចេកទេសនិងវិជ្ជាជីវៈ ពលរដ្ឋនៅតាមមូលដ្ឋានជាពិសេសបងប្អូនពលករខ្មែរ ដែលទើបមកពីថៃបានទទួលដំណឹងពីឱកាសការងារដ៏សម្បូរបែប និងការបណ្តុះបណ្តាលជំនាញបច្ចេកទេសនិងវិជ្ជាជីវៈ រួមទាំងអត្ថប្រយោជន៍ប.ស.ស.។
ជាមួយគ្នានេះ ខ្ញុំក៏សូមអបអរសាទរដល់បងប្អូន ដែលទទួលបានឱការការងារភ្លាមៗជាង ២ ពាន់នាក់បន្ថែមទៀតនៅថ្ងៃទី៥ ខែសីហា ឆ្នាំ២០២៥នេះ ទទួលបានឱកាសការងារភ្លាមតាមរយៈយុទ្ធនាការទ្រង់ទ្រាយធំជំហានទី២របស់ក្រសួង”។

បើតាមអ្នកនាំពាក្យដដែល ក្នុងយុទ្ធនាការថ្ងៃទី៤នេះ ថ្នាក់ដឹកនាំ និងមន្ត្រីរាជការគ្រប់លំដាប់ថ្នាក់ នៃក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានចុះផ្សព្វផ្សាយដល់ឃុំសង្កាត់ចំនួន ៣៦ ក្នុងខេត្តនានានៅទូទាំងប្រទេសដោយមានក្រុមហ៊ុនឯកជនចំនួន ៣០ បានចូលរួម។

សូមរម្លឹកថា ក្នុងគោលបំណងផ្តល់ការងារដល់ពលរដ្ឋខ្មែរ ដែលទើបត្រឡប់មកពីប្រទេសថៃភ្លាមៗ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានបើកយុទ្ធនាការចុះផ្សព្វផ្សាយការងារជំហានទី២ ចាប់ពីថ្ងៃទី២ ដល់ថ្ងៃទី១១ ខែសីហា ឆ្នាំ២០២៥នៅតាមឃុំ-សង្កាត់គោលដៅចំនួន ៣០០ ក្នុងខេត្តចំនួន ១៣ នៅទូទាំងប្រទេស ខណៈដែលក្រសួង ក៏គ្រោងនឹងរៀបចំផែនការជំហានទី៣ និងទី៤ បន្ថែមទៀត៕






