ព័ត៌មានជាតិ

អ្នកនាំពាក្យ ក្រសួងការបរទេស ៖ វិធានការផ្លូវច្បាប់របស់ថៃ ប្រឆាំងនឹងកម្ពុជា គឺជាការបង្វែស្ថានការណ៍ ដែលកំពុងឡើងកំដៅ ក្នុងប្រទេសរបស់ខ្លួន និងអន្តរជាតិ

ភ្នំពេញ៖ លោក ជុំ សុន្ទរី អ្នកនាំពាក្យក្រសួង ការបរទេស និងកិច្ចសហប្រតិបត្តិការ បានថ្លែងថា ការប្រកាសឡើង នូវវិធានការផ្លូវច្បាប់ ប្រឆាំងនិងកម្ពុជា ពីសំណាក់រដ្ឋាភិបាលថៃ គឺជាចេតនា បង្វែងការចាប់អារម្មណ៍ពីសាធារណមតិ និងអន្តរជាតិ ជុំវិញការខូចខាតរបស់ប្រជាជនស៊ីវិល, ការរំលោភបំពានច្បាប់ មនុស្សធម៌អន្តរជាតិ និងការមិនគោរព ជាបន្តបន្ទាប់ ចំពោះកិច្ចព្រមព្រៀងឈប់បាញ់ ។

ការថ្លែងរបស់លោក ជុំ សុន្ទរី អ្នកនាំពាក្យខាងលើនេះ ធ្វើឡើងក្នុង សន្និសីទព័ត៌មាន ស្តីពី «លទ្ធផលនៃការអនុវត្ត បទឈប់បាញ់រវាងកម្ពុជា-ថៃ » នៅទីស្តីការគណៈរដ្ឋមន្ត្រី ​នៅវេលាម៉ោង ៧និង០០នាទីព្រឹកថ្ងៃទី៦ ខែសីហា ឆ្នាំ២០២៥នេះ ។

ថ្លែងក្នុងឱកាសនោះអ្នកនាំពាក្យរូបនេះ បានគូសបញ្ជាក់ថា សកម្មភាពផ្លូវច្បាប់ ប្រឆាំងនឹងកម្ពុជា ដែលបានប្រកាសឡើង ដោយរដ្ឋាភិបាល របស់ប្រទេសថៃ គឺពុំមានមូលដ្ឋានសោះឡើយ ហើយវាបានបង្ហាញ ឱ្យឃើញនូវការប៉ុនប៉ងដោយចេតនា ដើម្បីបង្វែលការចាប់អារម្មណ៍ពីសាធារណៈមតិ ទាំងនៅក្នុងប្រទេសថៃខ្លួនឯង និងនៅលើឆាកអន្តរជាតិ ពីនយោបាយអមិត្តរបស់ថៃ ប្រឆាំងនឹងកម្ពុជា ជាពិសេស គឺការវាយប្រហារដោយឥតមូលហេតុ ប្រឆាំងនឹងទឹកដីរបស់កម្ពុជា ។

លោក ជុំ សុ​ន្ទរី បានបញ្ជាក់បន្ថែមថា វិធានការផ្លូវច្បាប់នេះ វាបានបង្ហាញឱ្យឃើញយ៉ាងច្បាស់ថា មានគោលដៅ បង្វែលការតិះទានដែលកំពុងតែកើនឡើង ស្តីអំពីការខូចខាតរបស់ប្រជាជនស៊ីវិល ការរំលោភបំពានរបស់ថៃ ទៅលើច្បាប់មនុស្សធម៌អន្តរជាតិ ហើយនិងការមិនគោរព ជាបន្តបន្ទាប់របស់ថៃ ចំពោះកិច្ចព្រមព្រៀងឈប់បាញ់ ។

ក្នុងនោះ អ្នកនាំពាក្យក្រសួងការបរទេស ធ្វើការបញ្ជាក់ឡើងវិញថា បណ្តាការចោទប្រកាន់ដែលត្រូវបានប្រើប្រាស់ ធ្វើជាមូលដ្ឋានសម្រាប់សកម្មភាពផ្លូវច្បាប់នេះ គឺពុំមានមូលដ្ឋានរឹងមាំឡើង ហើយមានហេតុផលនយោបាយ ហើយពុំមានមូលដ្ឋានសម្រាប់ជឿជាក់នោះទេ ។ កម្ពុជា សូមបដិសេធជាដាច់ខាត នៅការចោទប្រកាន់ទាំងនោះ ហើយសូមធ្វើការអះអាងជាថ្មីម្តងទៀត ចំណុចកន្លឹះមួយចំនួន ៖

ទី១ កម្ពុជា មិនមែនជាអ្នកចាប់ផ្តើម នូវភាពបន្ទុះសារាយនេះទេ ជម្លោះនៅតាមព្រំប្រទល់កន្លងមកថ្មីៗនេះ គឺចាប់ផ្តើមឡើង ដោយការទន្ទ្រាន ចូលរបស់យោធាថៃ ហើយនិងការបាញ់ផ្លោងចូល មកក្នុងទឹកដីរបស់កម្ពុជា ដែលជាការរំលោភបំពានដោយផ្ទាល់ ទៅលើលើអធិបតេយ្យរបស់កម្ពុជា ។

ទី២ កម្ពុជា ធ្វើសកម្មភាព ក្នុងសិទ្ធិស្វ័យការពារស្របច្បាប់របស់ខ្លួន កងកម្លាំងប្រដាប់អាវុធរបស់កម្ពុជា បានធ្វើការឆ្លើយតបសមស្រប ទៅតាមសកម្មភាពយោធារបស់ថៃ ហើយមានភាពសមស្របទៅតាមមាត្រា៥១ នៃធម្មនុញ្ញរបស់អង្គការសហប្រជាជាតិ ដែលសំដៅការពារ អធិបតេយ្យភាព ហើយនិងប្រជាជនស៊ីវិលរបស់ខ្លួនតែប៉ុណ្ណោះ ។

ទី៣ កម្ពុជា ពុំដែលយកពោលរដ្ឋស៊ីវិលធ្វើជាគោលដៅ របស់ខ្លួនសោះឡើយ ការខូចខាតរបស់ពលរដ្ឋស៊ីវិល នៅក្នុងប្រទេសទាំងពីរ គឺជាប្រកាដ៏គួរឱ្យសោកស្តាយ ក៏ប៉ុន្តែការចោទប្រកាន់របស់ប្រទេសថៃ គឺបានមើលរំលងនូវការពិត ដែលថាកងកម្លាំងប្រដាប់អាវុធរបស់ខ្លួន បានធ្វើប្រតិបត្តិការនៅក្នុងតំបន់ប្រជាជនស៊ីវិល ដែលជាការរំលោភបំពាន ទៅលើអនុសញ្ញាទីក្រុងហ្សឺណែវ ។ កងកម្លាំងប្រដាប់អាវុធរបស់កម្ពុជា បានគោរពដោយពេញលេញ ចំពោះច្បាប់មនុស្សធម៌អន្តរជាតិ ហើយមិនដែលយកពលរដ្ឋស៊ីវិល ជាគោលដៅរបស់ខ្លួនសោះឡើយ ។

និងទី៤ កម្ពុជា នៅតែមានការតាំងចិត្ត ចំពោះសន្តិភាព ថ្វីត្បិតមានការបន្តការបង្កររឿងរបស់ថៃ កម្ពុជា នៅតែមានការតាំងចិត្តដ៏ពេញលេញ ចំពោះកិច្ចព្រមព្រៀងឈប់បាញ់ ។ កម្ពុជា ទាមទារឱ្យប្រទេសថៃ បញ្ឈប់នូវរាល់ការផ្សាយព័ត៌មានមិនពិត ហើយនិងបញ្ឈប់នូវសកម្មភាពអមិត្ត ប្រឆាំងនឹងកម្ពុជា ហើយវិលត្រឡប់មករកកិច្ចសន្ទនា ប្រកបដោយស្ថាបនា នៅក្នុងស្មារតី សន្តិសហវិជ្ជមាន ហើយនិងសាមគ្គីភាពអាស៊ាន៕

To Top