ព័ត៌មានជាតិ

អ្នកនាំពាក្យរាជរដ្ឋាភិបាល៖ ពលរដ្ឋត្រូវរួមគ្នាជាមហាសាមគ្គី ឈរពីក្រោយកងទ័ព និងថ្នាក់ដឹកនាំ

ភ្នំពេញ ៖ លោក ប៉ែន បូណា រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជាប្រធានអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាលកម្ពុជាបានលើកឡើងថា ប្រជាពលរដ្ឋខ្មែរត្រូវបន្តការរួបរួមគ្នាជាកម្លាំងមហាសាមគ្គីជាតិដ៏ធំធេងនៅពីក្រោយកងទ័ពដ៏អង់អាចក្លាហាន និងថ្នាក់ដឹកនាំដើម្បីផ្តល់កម្លាំងចិត្តដល់ពួកគាត់ ខណៈមន្ត្រីយោធា និងស៊ីវិល រួមទាំងបណ្តាញផ្សព្វផ្សាយព័ត៌មានថៃ បានបន្តផ្សព្វផ្សាយព័ត៌មានភូតកុហកពីកម្ពុជា ។

ក្នុងសេចក្តីសង្ខេបព័ត៌មាន ស្តីពី «លទ្ធផលនៃការអនុវត្តបទឈប់បាញ់រវាងកម្ពុជា-ថៃ» នៅព្រឹកថ្ងៃទី៦ ខែសីហា ឆ្នាំ២០២៥លោក ប៉ែន បូណា បានថ្លែងថា ក្រោយពីមានការចោទប្រកាន់របស់ថៃជាបន្តបន្ទាប់មកលើថ្នាក់ដឹកនាំនិងកងទ័ពកម្ពុជាឥតស្រាក់ស្រាន្តថា កម្ពុជាបានបំពានទៅលើភាគីថៃមុននោះ ប្រជាពលរដ្ឋត្រូវរួមសំឡេងតែមួយរបស់ប្រជាជាតិខ្មែរ ដើម្បីតស៊ូមតិប្រឆាំងតបតទៅនឹងការចោទប្រកាន់របស់ភាគីថៃ ។

ពាក់ព័ន្ធទៅនឹងការបង្កជម្លោះជាមួយកម្ពុជាពីសំណាក់ភាគីថៃ លោកបានអះអាងថា សហគមន៍អន្តរជាតិបានដឹងលឺគ្រប់គ្នាអស់ហើយ ។ ដូច្នេះត្រូវរួមគ្នាផ្តល់កំលាំងចិត្តដល់កងទ័ព និងរាជរដ្ឋាភិបាលដោយឈរនៅពីក្រោយរបស់ពួកគាត់ ។

ប្រធានអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាលគូសបញ្ជាក់ថា “សូមប្រជាពលរដ្ឋខ្មែរបន្តការរួបរួមគ្នាជាកម្លាំងមហាសាមគ្គីជាតិដ៏ធំធេងរបស់យើងនៅពីក្រោយកងទ័ពដ៏អង់អាចក្លាហាន និងនៅពីក្រោយថ្នាក់ដឹកនាំរបស់យើងដែលមានភាពវាងវៃ បទពិសោធន៍ និងយុទ្ធសាស្រ្តច្បាស់លាស់នៅក្នុងការកសាងប្រទេស និងការការពារអធិបតេយ្យភាព និងបូរណភាពទឹកដីរបស់យើង”។
លោកបន្តថា ចំពោះការប្តេជ្ញាការពារទឹកនេះហើយ គឺជាចំណុចខ្លាំងរបស់កម្ពុជាដែលបានយកឈ្នះនៅគ្រប់សមរភូមិទាំងយោធា ការទូត និងសមរភូមិនយោបាយជាដើម ៕

To Top