ភ្នំពេញ ៖ ស្ថានទូតជប៉ុន បានឃើញពាក្យចចាម អារ៉ាម ឬព័ត៌មាន ដែលថា រដ្ឋាភិបាលជប៉ុន នឹងផ្តល់ដ្រូនចម្បាំង ដល់ប្រទេសថៃ ព័ត៌មាននេះ គឺមិនពិតទេ រដ្ឋាភិបាលជប៉ុន ពុំដែលមានគម្រោងផ្តល់គ្រឿង យន្តបែបនេះដល់ប្រទេសថៃ ហើយក៏មិនធ្លាប់បានទទួលសំណើ បែបនេះពីប្រទេសថៃដែរ។
នេះបើយោងតាមគេហទំព័រហ្វេសប៊ុករបស់ ស្ថានទូតជប៉ុន ប្រចាំកម្ពុជា នាថ្ងៃទី៦ ខែសីហា ឆ្នាំ២០២៥។
ជំនួយរបស់ប្រទេសជប៉ុន ត្រូវបានកំណត់យ៉ាងតឹងរ៉ឹង ចំពោះផ្នែកដែលមិនពាក់ព័ន្ធដោយផ្ទាល់ ទៅនឹងជម្លោះអន្តរជាតិ។ ស្ថានទូតថា «យើងខ្ញុំសូមថ្លែងអំណរគុណ ទុកជាមុននូវការមិនផ្សព្វផ្សាយ និងចែកចាយ ព័ត៌មានក្លែងក្លាយ»។
រដ្ឋាភិបាលជប៉ុន ចាត់ទុកថា ការអនុវត្តកិច្ចព្រមព្រៀង បទឈប់បាញ់រវាងប្រទេសកម្ពុជា និងប្រទេសថៃ និងការស្តារឡើងវិញនូវសន្តិភាព ឱ្យបានឆាប់មានសារៈសំខាន់ខ្លាំងណាស់ ។ យើងសង្ឃឹមយ៉ាងមុតមាំថា «ប្រជាជនកម្ពុជានឹងអាចវិលទៅរកជីវភាពប្រចាំថ្ងៃ ដោយសុខសាន្តឱ្យបានឆាប់»៕
