ភ្នំពេញ៖ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ សូមទាត់ចោលការផ្សព្វផ្សាយ បែបបំភ្លៃរបស់កាសែតថៃ Khaosod English ដែលបានលើកឡើងថា ពលរដ្ឋកម្ពុជាវិលមកកម្ពុជា យ៉ាងគំហុកនេះ ក្រោមហេតុផលការគំរាមដកសញ្ជាតិ និងការរឹបអូសដីធ្លី។

អ្នកនាំពាក្យក្រសួងការងារ និង បណ្តុះបណ្តាលវិជ្ជាជីវៈ លោក ស៊ុន មេសា បានអះអាងថា កម្ពុជាគ្មានការគំរាម កំហែងបែបនេះឡើយ ហើយមូលហេតុចម្បង ដែលធ្វើឱ្យពលរដ្ឋខ្មែរ ត្រលប់មកកម្ពុជា យ៉ាងគំហុកនេះ គឺដោយសារអំពើហិង្សា ពីក្រុមជ្រុលនិយមថៃ មកលើពលរដ្ឋខ្មែរ ដែលមិនទាន់មាន ចំណាត់ការនៅឡើយ ការឈ្លានពាន ពីយោធាថៃមកកម្ពុជា និងការអំពាវនាវ ពីសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ប្រមុខរាជរដ្ឋាភិបាល រួមទាំងការចង់វិល មកជួយសេដ្ឋកិច្ចប្រទេសជាតិ វិញរបស់ពលរដ្ឋ ។

លោក ស៊ុន មេសា បញ្ជាក់ថា ៖ “ខ្ញុំសូមច្រានចោល ការលើកឡើង របស់កាសែតថៃនេះ ដែលជារឿយៗ ផ្សាយព័ត៌មានមិនពិត ហើយបំភ្លៃស្ថានការណ៍។ នេះមិនមែនជាលើកទី១នោះឡើយ ។ ជាមួយគ្នានេះ ខ្ញុំសូមអំពាវនាវដល់ពលរដ្ឋខ្មែរ និងសហគមន៍អន្តរជាតិសូមមេត្តាកុំជឿលើការផ្សាយនេះឱ្យសោះ”។
ការបញ្ជាក់ឆ្លើយតបនេះ គឺ ស្របពេលដែលពលរដ្ឋខ្មែរដែលធ្វើការ និងស្នាក់នៅក្នុងប្រទេសថៃ ប្រមាណ៧៥ម៉ឺននាក់បានវិលមកកាន់កម្ពុជាវិញ។ នេះបើតាមការបញ្ជាក់ពីអ្នកនាំពាក្យ ក្រសួងការងារនៅថ្ងៃទី៦ ខែសីហា ឆ្នាំ២០២៥នេះ។

ទន្ទឹមនឹងនេះ ក្រសួងការងារ សូមបន្តអំពាវនាវឱ្យពលរដ្ឋខ្មែរដែលនៅប្រទេសថៃសូមបន្តវិលមកស្រុកកំណើតយើងវិញ នៅពេលដែលបងប្អូនទទួលរងការបំភិតបំភ័យ វាយធ្វើបាប និងមិនឱ្យតម្លៃ។ បន្ថែមពីនេះ ក្រសួងការងារ សូមបញ្ជាក់ជូនបងប្អូនមេត្តាជ្រាបថា ក្រសួងការងារ បាននិងកំពុងធ្វើយុទ្ធនាការជំហានទី២ ដើម្បីផ្តល់ឱកាសការងារ ជូនបងប្អូនពលរដ្ឋខ្មែរដែលទើបត្រលប់មកពីប្រទេសថៃ នៅតាមឃុំចំនួន៣០០កន្លែងនៅទូទាំងប្រទេស។

ជាមួយគ្នានេះ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ សូមឱ្យពលរដ្ឋខ្មែរនៅក្នុងស្រុក មេត្តាជួយផ្សព្វផ្សាយស្តីពីឱកាសការងារដ៏ច្រើន សម្បូរបែបរបស់កម្ពុជា ដែលយើងមានឱកាសការងារទាំងថ្មី និងចាស់ប្រមាណជាង ៥៥ម៉ឺនកន្លែង និងការបណ្តុះបណ្តាល ជំនាញបច្ចេកទេស និងវិជ្ជាជីវៈដោយឥតគិតថ្លៃ ដោយគ្រាន់តែបញ្ជាក់ថា “ត្រូវការការងារ និងការរៀនជំនាញសូមទាក់ទងតាមលេខទូរសព្ទ ១២៩៧”៕


