បាត់ដំបង ៖ លោក សុខ លូ អភិបាលខេត្តបាត់ដំបង ព្រមទាំងក្រុមការងារ គ្រប់ផ្នែកទាំងអស់ បានជួយសម្របសម្រួលដំណើរ វិលត្រឡប់របស់ពលករខ្មែរ មកពីប្រទេសថៃតាមច្រកទ្វារព្រំដែនអន្តរជាតិដូង ស្រុកកំរៀង ខណៈតាមតួលេខបឋម នៅថ្ងៃទី៦ ខែសីហា ឆ្នាំ២០២៥នេះ មានពលករខ្មែរប្រមាណជាង ១០ម៉ឺននាក់ បាននិងកំពុងសម្រុកចាកចេញពីប្រទេសថៃ វិលត្រឡប់មកស្រុកកំណើតវិញ។

លោក អភិបាលខេត្ត បានឱ្យដឹងថា សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា បានយកចិត្តទុកដាក់និងផ្ដល់រថយន្តក្រុងរាប់រយគ្រឿង ដើម្បីដឹកជញ្ជូនបងប្អូនពលករខ្មែរ ទៅដល់ស្រុកកំណើតរៀងៗខ្លួនប្រកបដោយសុខសុវត្ថិភាព។

លោក អភិបាលខេត្ត សង្កត់ធ្ងន់ថា អាជ្ញាធរ កងកម្លាំង មន្រ្តីរាជការ យុវជន និងគ្រប់ភាគីពាក់ព័ន្ធកំពុងខិតខំជួយ សម្របសម្រួលនិងជញ្ជូនអីវ៉ាន់ពលករខ្មែរ ដោយមិនគិតពីការនឿយហត់នោះឡើយ ។

សូមរំលឹកថា ជាបន្តបន្ទាប់ លោក សុខ លូ អភិបាលខេត្តបាត់ដំបង បានណែនាំដល់អាជ្ញាធរ មន្រ្តីជំនាញ កងកម្លាំង និងគ្រប់ភាគីពាក់ព័ន្ធទាំងអស់ ដែលកំពុងប្រចាំការនៅច្រកទ្វារព្រំដែន អន្តរជាតិដូង ស្រុកកំរៀង ត្រូវបន្តខិតខំយកចិត្តទុកដាក់ បង្កលក្ខណៈងាយស្រួលនិងជួយសម្របសម្រួល ដំណើរវិលត្រឡប់ របស់ពលករខ្មែរមកពីប្រទេសថៃ ៕
