ព័ត៌មានជាតិ

ស្រ្តីបារាំងម្នាក់បាត់ខ្លួន ត្រូវបានរកឃើញស្លាប់ដោយសារធ្លាក់ពីលើចិញ្ចើមផ្លូវ

ភ្នំពេញ ៖ បើតាមការសន្និដ្ឋានពីក្រុមអ្នកជំនាញជាតិ និងអន្តរជាតិ ស្រ្តីបារាំងម្នាក់ ដែលបានបាត់ខ្លួន ត្រូវបានរកឃើញថា ស្លាប់ដោយសារធ្លាក់ពីលើចិញ្ចើមផ្លូវ ចូលក្នុងប្រឡាយអមផ្លូវ៦០ម៉ែត្រ ត្រង់ចំណុចក្បែរ អាហារដ្ឋានមាន់ស្រែ ស្ថិតនៅភូមិអារក្សស្វាយ សង្កាត់នគរធំ ខេត្តសៀមរាបដែលអាចបណ្តាលមកពីគាំងបេះដូង ។ នេះបើយោងតាមស្នងការនគរបាលខេត្តសៀមរាប នាថ្ងៃ៦ សីហា។

ស្ត្រីបារាំងនេះមានឈ្មោះ Lisa Girard-Fabre អាយុ២៤ឆ្នាំ បម្រើការងារនៅអង្គការPSE បានបាត់ខ្លួនកាលពីថ្ងៃ២ សីហា នៅម្តុំប្រាសាទតាសោម អំឡុងពេលរត់សាកល្បងកម្មវិធីម៉ារ៉ាតុន ជាមួយមិត្តភក្តិ ។

ករណីនេះ សមត្ថកិច្ចនគរបាលបានទទួលព័ត៌មាន ពីតំណាងស្ថានកុងស៊ុល កិត្តិយសបារាំងប្រចាំខេត្តសៀមរាប និងបុគ្គលិកអង្គការ PSE ។ បន្ទាប់ពីទទួលបានព័ត៌មាន សមត្ថកិច្ចជំនាញរបស់កម្ពុជាក៏បានចុះស្រាវជ្រាវ និងការធ្វើកោសល្យវិច័យ ជាមួយគ្រូពេទ្យអមសាលាដំបូងខេត្តសៀមរាប ព្រមទាំងមានការ ចូលរួមដោយតំណាងស្ថានកុងស៊ុល កិត្តិយសបារាំងប្រចាំខេត្តសៀមរាប បានសន្និដ្ឋានថា “ជនរងគ្រោះស្លាប់ ដោយសារធ្លាក់ ពីលើចិញ្ចើមផ្លូវ (អាចបណ្តាលមកពីគាំងបេះដូង) ហើយសាកសពត្រូវបានសមត្ថកិច្ច យើងបញ្ជូនទៅតម្កល់ទុកនៅមន្ទីរពេទ្យ មិត្តភាពខ្មែរសូវៀត រាជធានីភ្នំពេញ រង់ចាំការសម្រេចពីក្រុមគ្រួសារ និងស្ថានទូត” ៕

To Top