ភ្នំពេញ ៖ អគ្គស្នងការដ្ឋាននគរបាលជាតិ មានក្រុមព័ត៌មាន ទាន់ហេតុការណ៍ (HOTLINE) ជាសេនាធិការ ប្តេជ្ញាបន្តបំពេញបេសកកម្មស្នូល របស់ខ្លួនប្រកបដោយប្រសិទ្ធភាព ដើម្បីទទួលដោះស្រាយរាល់ទុក្ខកង្វល់ និងសំណើនានារបស់ជនបរទេសគ្រប់រូប។

ក្នុងកិច្ចប្រជុំផ្សព្វផ្សាយសេចក្តីសម្រេច ស្តីពីការកែសម្រួលសមាសភាពក្រុមការងារព័ត៌មានទាន់ហេតុការណ៍ (HOTLINE) ជាមួយជនបរទេស នៅទីស្ដីការក្រសួងមហាផ្ទៃ នៅថ្ងៃទី៦ សីហា នេះ នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការដ្ឋាន នគរបាលជាតិ បានថ្លែងថា ដោយមានការយក ចិត្តទុកដាក់ខ្ពស់ និងការគាំទ្រ ពីរាជរដ្ឋាភិបាលកម្ពុជា និងក្រសួងមហាផ្ទៃ អគ្គស្នងការដ្ឋាននគរបាលជាតិ បានខិតខំប្រឹងប្រែងបំពេញ បេសកកម្មស្នូលរបស់ខ្លួនក្នុងស្មារតីទទួលខុសត្រូវ និងការប្តេជ្ញាចិត្តខ្ពស់តាមរយៈការដាក់ចេញនូវយន្តការ និងវិធានការនានា ដើម្បីធ្វើការបង្ការទប់ស្កាត់ និងបង្ក្រាបបទល្មើសគ្រប់ប្រភេទ រួមទាំង បទល្មើសឆបោក តាមប្រព័ន្ធបច្ចេកវិទ្យា ដោយសម្រេចបានលទ្ធផលជាបន្តបន្ទាប់ ដូចជា ការចាប់បញ្ចូនជនល្មើសទៅតុលាការ ដើម្បីផ្តន្ទាទោសតាមច្បាប់ ការចាត់បញ្ចូនជនបទេសទៅប្រទេស កំណើតវិញតាមនីតិវិធី ការជួយសង្គ្រោះជនរងគ្រោះជាដើម ។

នាយឧត្តមសេនីយ៍ ស ថេត គូសបញ្ជាក់ថា «អគ្គស្នងការដ្ឋាននគរបាលជាតិ ដែលមានក្រុមព័ត៌មានទាន់ហេតុការណ៍ (HOTLINE) ថ្មីនេះ ជាសេនាធិការ ប្តេជ្ញាបន្តបំពេញបេសកកម្មស្នូលរបស់ខ្លួនប្រកបដោយប្រសិទ្ធភាព ដើម្បីទទួលដោះស្រាយរាល់ទុក្ខកង្វល់ និងសំណើនានារបស់ជនបរទេសគ្រប់រូប ដែលកំពុងមានវត្តមាននៅកម្ពុជា ដោយផ្ទាល់ភ្លាមៗឱ្យបានឆាប់រហ័ស និងទាន់ពេលវេលា តាមលទ្ធភាពដែលអាចធ្វើបាន ឬតាមរយៈស្ថានទូត ស្ថានកុងស៊ុលសាមី ប្រចាំព្រះរាជាណាចក្រកម្ពុជា ក្នុងគោលដៅទទួលបាននូវការជឿជាក់ ទាំងក្នុងក្របខ័ណ្ឌជាតិ និង អន្តរជាតិ លើការដឹកនាំ របស់រាជរដ្ឋាភិបាលកម្ពុជា និងក្រសួងមហាផ្ទៃ ព្រមទាំងជឿទុកចិត្តលើការប្ដេជ្ញាចិត្តខ្ពស់ របស់អគ្គស្នងការដ្ឋាន នគរបាលជាតិ លើកិច្ចការងារនេះ»៕



