ព័ត៌មានជាតិ

អភិបាលរាជធានីភ្នំពេញ​ ឱ្យយកចិត្តទុកដាក់ឱ្យបានខ្ពស់ ចំពោះសុខទុក្ខពលករ​ ដែលត្រឡប់ពីថៃ មកស្រុកកំណើតវិញ

ភ្នំពេញ៖ លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ​ បានធ្វើការណែនាំឱ្យអាជ្ញាធរខណ្ឌទាំង ១៤​ និងកងកម្លាំងមានសមត្ថកិច្ចទាំងបីប្រភេទ, មន្ទីរចំណុះឱ្យរដ្ឋបាលរាជធានីភ្នំពេញទាំងអស់ ត្រូវយកចិត្តទុកដាក់ ក្នុងកិច្ចការការពារសន្តិសុខ សណ្តាប់ធ្នាប់ របៀបរៀបរយ ជូនបងប្អូនប្រជាពលរដ្ឋក្នុងរាជធានីភ្នំពេញ និងត្រូវយកចិត្តទុកដាក់ឱ្យបានខ្ពស់ ពាក់ព័ន្ធការត្រៀមទទួលបងប្អូនពលករ​ ដែលត្រឡប់ពីប្រទេសថៃ មកស្រុកកំណើតវិញ ជាមួយនិងការជួយសម្របសម្រួល ពេលដែលពួកគាត់ពឹងពាក់រកការងារធ្វើ។

ការណែនាំបែបនេះរបស់ លោក ឃួង ស្រេង​ អភិបាលរាជធានី និងជាប្រធានគណៈបញ្ជាការឯកភាព រដ្ឋបាលរាជធានីភ្នំពេញ បានធ្វើឡើងនារសៀលថ្ងៃទី៦ ខែសីហា ឆ្នាំ២០២៥នេះ ក្នុងកិច្ចប្រជុំគណៈបញ្ជាការឯកភាព រដ្ឋបាលរាជធានីភ្នំពេញ ដោយមានការចូលរួម ពីអាជ្ញាធរខណ្ឌទាំង១៤ និងកងកម្លាំងមានសមត្ថកិច្ចទាំងបីប្រភេទ និងមន្ទីរចំណុះឱ្យរដ្ឋបាល រាជធានីភ្នំពេញទាំងអស់ ។

លោក ឃួង ស្រេង​ បានលើកឡើងទៀតថា មកដល់ពេលនេះបងប្អូនពលករកម្ពុជា បាននិងកំពុងសម្រុក ចាកចេញពីប្រទេសថៃ ចូលមកប្រទេសកម្ពុជាវិញ យ៉ាងច្រើនសន្ធឹកសន្ធាប់ ដោយគិតមកដល់ពេលនេះ មានពលរដ្ឋកម្ពុជា ចាកចេញពីប្រទេសថៃ ជាង៦០ម៉ឺននាក់ហើយ ។ ដូច្នេះលោក ស្នើឱ្យអាជ្ញាធរ ខណ្ឌទាំង១៤ និងមន្ទីរទាំងអស់ ចំណុះឱ្យរដ្ឋបាលរាជធានីភ្នំពេញ ត្រូវយកចិត្តទុកដាក់ចំពោះជីវភាពរស់នៅ របស់ពួកគាត់ ពោលគឺនៅពេលដែលពួកគាត់​ មកពឹងពាក់រកការងារធ្វើ អាជ្ញាធររបស់យើង ត្រូវជួយសម្របសម្រួលជូនពួកគាត់ ដោយមិនគិត ពីនិន្នាការនយោបាយអ្វីទាំងអស់ ព្រោះជាឈាមជ័រដូចគ្នា ខ្មែរតែមួយ ។

ពាក់ព័ន្ធនឹងការងារខាងលើនេះ លោក ឃួង ស្រេង ក៏បានសង្កត់ធ្ងន់ថា អ្វីដែលអាជ្ញាធរមូលដ្ឋានធ្វើមិនបាន ត្រូវរាយការណ៍មកថ្នាក់រាជធានីភ្លាមៗ សំដៅធ្វើយ៉ាងណាឱ្យបងប្អូនប្រជាពលរដ្ឋ​ មានភាពកក់ក្តៅជាមួយអាជ្ញាធរ ។ អាជ្ញាធរទាំង១៤ ខណ្ឌក៏ត្រូវត្រៀមអាហារ សម្រាប់ប្រជាពលរដ្ឋ ដែលជាពលករត្រឡប់ពីក្រៅប្រទេស មកកម្ពុជាវិញផងដែរ តាមរយៈការដាក់អ្នកប្រចាំការ ២៤ម៉ោងលើ២៤ម៉ោង ដើម្បីជួយពួកគាត់ ទាំងលើបញ្ហាជីវភាព និងការជួយសម្រួលរកការងារធ្វើ ដោយមិនទុកឱ្យប្រជាពលរដ្ឋឯកកោនោះទេ ៕

To Top