ភ្នំពេញ ៖ លោក ជុំ សុន្ទរី អ្នកនាំពាក្យក្រសួងការបរទេសខ្មែរ បានថ្លែងថា កម្ពុជានៅតែបន្តការតាំងចិត្ត ដោយអត់ធ្មត់ ចំពោះការបង្ករឿងរបស់ថៃ ជាហូរហែរចោទប្រកាន់មកលើកម្ពុជា ។
ក្នុងសេចក្តីសង្ខេបព័ត៌មាន ស្តីពី «លទ្ធផល នៃការអនុវត្តបទឈប់បាញ់រវាងកម្ពុជា-ថៃ» នាថ្ងៃ ទី៦ ខែសីហា ឆ្នាំ២០២៥ លោក ជុំ សុន្ទរីបានលើកឡើងថា កម្ពុជានៅតែមានការតាំងចិត្ត ចំពោះសន្តិភាព ថ្វីត្បិតមានការបន្តការបង្ករឿង របស់ថៃ ភាគីថៃមកកម្ពុជា ខណៈកម្ពុជានៅតែមានការតាំងចិត្ត ដ៏ពេញលេញ ចំពោះកិច្ចព្រមព្រៀងឈប់បាញ់ ។
លោកគូសបញ្ជាក់ថា “កម្ពុជា ប្រកាន់យកការអត់ធ្មត់ជាអតិប្បរមា នៅចំពោះមុខការបង្ករឿងរបស់ថៃ ហើយនៅតែមានការតាំងចិត្ត ដ៏ពេញលេញ ចំពោះដំណោះស្រាយដោយសន្តិវិធី” ។
ក្នុងនាមជាសេនាធិការ របស់រាជរដ្ឋាភិបាលកម្ពុជា លោកអំពាវនាវឲ្យភាគីថៃ ត្រូវបញ្ឈប់ជាបន្ទាន់ នូវរាល់សកម្មភាពយោធា ជាឯកតោភាគី ដែលនឹងអាចធ្វើឲ្យឆាប់ឆេះឡើងវិញ នូវភាពប្រទូស្តរាយ ហើយនិងធ្វើឲ្យបាត់ស្ថិរភាព ចំពោះសន្តិភាពដ៏ផុយស្រួយនៅតាមព្រំដែន ។
លោកបន្ថែមថា កម្ពុជាទាមទារឲ្យភាគីថៃ គោរពនូវការតាំងចិត្តរបស់ខ្លួន ក្រោមកិច្ចព្រមព្រៀងបទឈប់បាញ់ និងចូលរួមស្ថាបនាដោយសុច្ចរឹត ក្នុងកិច្ចសន្ទនាជាមួយកម្ពុជា និងការគោរពច្បាប់អន្តរជាតិ ។
ចំពោះការផ្សាយព័ត៌មាន របស់ថៃចោទមកលើកម្ពុជានោះ អ្នកនាំពាក្យបានទាមទារភាគីថៃ ត្រូវបញ្ឈប់នូវរាល់ការផ្សាយព័ត៌មានមិនពិត ហើយបញ្ឈប់សកម្មភាព អមិត្តប្រឆាំងនឹងកម្ពុជា ៕
