ព័ត៌មានជាតិ

លោកបណ្ឌិត លី ឆេង ប្រគល់ប័ណ្ណអាហារូបករណ៍ពិសេស ១០០% សិក្សារយៈពេល ១២ឆ្នាំ ដល់ក្មួយស្រី មាស សម្ភស្ស កូនស្រី របស់វីរយុទ្ធជនពលី ក្នុងបុព្វហេតុការពារបូរណ ភាពទឹកដី ពីការឈ្លានពានរបស់កងទ័ពថៃ

ភ្នំពេញ ៖ ដោយទទួលបានការណែនាំដ៏ខ្ពង់ខ្ពស់ពី លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត នៅរសៀលថ្ងៃទី៦ ខែសីហា ឆ្នាំ២០២៥នេះ លោកបណ្ឌិត លី ឆេង អគ្គនាយកប៊ែលធីគ្រុប បានជួបសំណេះសំណាលជាមួយប្អូនស្រី យ៉ុន សុភក្ត្រ ដែលត្រូវជាភរិយា របស់វីរយុទ្ធជន លោកវរសេនីយ៍ត្រី លៀម សំពៅមាស ដែលបានពលី ក្នុងបុព្វហេតុការពារបូរណភាពទឹកដី ពីការឈ្លានពានរបស់កងទ័ពថៃ កាលពីថ្ងៃទី២៤ – ២៨ ខែកក្កដា ឆ្នាំ២០២៥ និងបានប្រគល់ប័ណ្ណ អាហារូបករណ៍ពិសេស ១០០% សិក្សារយៈពេល ១២ឆ្នាំ របស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និង លោកជំទាវបណ្ឌិត ជូនដល់ក្មួយស្រី មាស សម្ភស្ស ដែលត្រូវជាកូនស្រីបង្កើត របស់វីរយុទ្ធជន លោកវរសេនីយ៍ត្រី លៀម សំពៅមាស ឱ្យមានឱកាស បានមកបន្តការសិក្សានៅសាលា ប៊ែលធី អន្តរជាតិ មួយចប់កម្មវិធីសិក្សា ទាំងថ្នាក់ចំណេះទូទៅ (ថ្នាក់ទី១ ដល់ ថ្នាក់ទី១២) និងភាសាអង់គ្លេសទូទៅ (Starter ដល់ Level 12) ។

ចំពោះ អាហារូបករណ៍ពិសេស នេះ រួមមាន៖
១-អាហារូបករណ៍ ១០០% សិក្សាមួយចប់កម្មវិធីទាំងថ្នាក់ចំណេះទូទៅ និងភាសាអង់គ្លេសទូទៅ
២-ឯកសណ្ឋានថ្នាក់ចំណេះទូទៅ ចំនួន ២កំប្លេ និងអាវយឺត ចំនួន ១ ជារៀងរាល់ឆ្នាំ
៣-អាវយឺតថ្នាក់ភាសាអង់គ្លេស ចំនួន ២ ជារៀងរាល់វគ្គ
៤-សៀវភៅពុម្ភសិក្សាថ្នាក់ចំណេះទូទៅ និងភាសាអង់គ្លេសទូទៅ ១ឈុត ជារៀងរាល់វគ្គ/ឆ្នាំ
៥-កញ្ចប់កម្មវិធីសិក្សាបន្ថែមថ្នាក់ចំណេះទូទៅ និងភាសាអង់គ្លេសទូទៅ ជារៀងរាល់វគ្គ/ឆ្នាំ។

ក្នុងឱកាសដ៏សែនក្រៀមក្រំ ចំពោះការពលីរបស់ លោកវរសេនីយ៍ត្រី លៀម សំពៅមាស ខ្ញុំក៏បានចូលបច្ច័យមួយចំនួនសម្រាប់ការរៀបចំពិធីបុណ្យសព និងចូលរួមរំលែកទុក្ខយ៉ាងសោកសៅបំផុត ជាមួយក្រុមគ្រួសារសព ផងដែរ ។ ការពលីរបស់ លោកវរសេនីយ៍ត្រី គឺជាការបាត់បង់ នូវវីរកងទ័ពដ៏ក្លាហាន ដែលហ៊ានលះបង់គ្រប់បែបយ៉ាង សូម្បីអាយុជីវិត ដើម្បីបុព្វហេតុការពារជាតិមាតុភូមិ និងទឹកដីរបស់យើងឱ្យបានគង់វង្ស សម្រាប់កូនខ្មែរជំនាន់ក្រោយ គ្រប់ៗជំនាន់តរៀងទៅ។ ជាពិសេស គឺជាការបាត់បង់នូវ ឧត្តមស្វាមី និងលោកឱពុក ប្រកបដោយព្រហ្មវិហារធម៌ ដែលតែងតែចិញ្ចឹមបីបាច់ ថែរក្សា និងទំនុកបម្រុងក្រុមគ្រួសារគ្រប់ពេលវេលាដោយមិនគិតពីការនឿយហត់ ។

លោកបណ្ឌិត សូមលើកទឹកចិត្តក្មួយស្រី ត្រូវខិតខំសិក្សារៀនសូត្រ ដើម្បីអនាគតរបស់ក្មួយស្រីផ្ទាល់ ជាពិសេសបំពេញបំណងប្រាថ្នា របស់លោកឪពុក និងតបស្នងសងគុណអ្នកម្តាយ ដែលកំពុងបីបាច់ថែរក្សាក្មួយសព្វថ្ងៃនេះ ។ សូមក្មួយ កុំបារម្ភ បើទោះបី លោកឪពុករបស់ក្មួយបានពលីក៏ពិតមែន តែក្មួយនៅមាន ម្តាយ ជាពិសេស សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និង សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ព្រមទាំង សម្តេច មហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី និង លោកជំទាវបណ្ឌិត រួមជាមួយ ថ្នាក់ដឹកនាំ បុគ្គលិក លោកគ្រូ អ្នកគ្រូ នៃសាលា ប៊ែលធី អន្តរជាតិទាំងអស់ ចាំជួយទំនុកបម្រុងក្មួយ រហូតដល់រៀនចប់ចុងចប់ដើម ។
សូមបួងសួងដល់ដួងវិញ្ញាណក្ខន្ធសពវីរយុទ្ធជន លោកវរសេនីយ៍ត្រី លៀម សំពៅមាស សូមបានទៅកាន់សុគតិភពកុំបីឃ្លៀងឃ្លាតឡើយ៕

To Top