ព័ត៌មានជាតិ

អគ្គមេបញ្ជាការកងទ័ពម៉ាឡេស៊ី បង្ហាញពីឆន្ទៈនៃការចង់ឃើញជោគជ័យនៃការអនុវត្តបទឈប់បាញ់រវាង កម្ពុជា និងថៃ

ភ្នំពេញ ៖ ក្នុងជំនួបពិភាក្សាការងារជាមួយ លោកឧបនាយករដ្ឋមន្ដ្រី ទៀ សីហា រដ្ឋមន្ដ្រីក្រសួងការពារជាតិកម្ពុជា នាថ្ងៃទី៦ ខែសីហា ឆ្នាំ២០២៥ អគ្គមេបញ្ជាការកងទ័ពម៉ាឡេស៊ី បានបង្ហាញពីឆន្ទៈនៃការចង់ឃើញជោគជ័យនៃការអនុវត្តបទឈប់បាញ់រវាង ប្រទេសកម្ពុជា និងប្រទេសថៃ ដោយជំរុញឱ្យមានការបង្កើតឯកសារក្រមប្រតិបត្តិ (TOR )។

តាមរយៈបណ្ដាញសង្គមផ្លូវការ នាយប់ថ្ងៃទី៦ សីហា នេះ លោកឧបនាយករដ្ឋមន្ដ្រី ទៀ សីហា បានថ្លែងអំណរគុណដល់ភាគីម៉ាឡេស៊ី ក្នុងការសម្របសម្រួល និងបដិសណ្ឋារកិច្ចយ៉ាងកក់ក្តៅសម្រាប់គណៈប្រតិភូកម្ពុជា។

ក្នុងឱកាសជំនួបទ្វេភាគី ភាគីកម្ពុជាទទួលបានការយកចិត្តទុកខ្ពស់ ពីលោកអគ្គមេបញ្ជាការកងទ័ពម៉ាឡេស៊ី បានបង្ហាញពីឆន្ទៈនៃការចង់ឃើញជោគជ័យនៃការអនុវត្តបទឈប់បាញ់រវាង ប្រទេសកម្ពុជា និងប្រទេសថៃ ដោយជំរុញឱ្យមានការបង្កើតឯកសារក្រមប្រតិបត្តិ (TOR ) នឹងជួយឱ្យឈានទៅការបង្កើតក្រុមអ្នកសង្កេតការណ៍អាស៊ាន (AMT) ដែលនឹងក្លាយជាយន្តការតាមដានការអនុវត្តបទឈប់បាញ់ឱ្យមានប្រសិទ្ធភាពខ្ពស់។

ក្រោមសម្របសម្រួលរបស់ភាគីម៉ាឡេស៊ី បានធ្វើឱ្យដំណើរការនៃកិច្ចប្រជុំក្រុមការងារលេខាធិការដ្ឋានរបស់ GBC នៃប្រទេសទាំងពីរ ក្នុងរយៈពេល៣ថ្ងៃនេះ ប្រកបដោយភាពវិជ្ជមាន និងធាតុចូលជាច្រើនរបស់កម្ពុជា ដែលភាគីថៃក៏បានយល់ស្រប ក្នុងទទួលយក ដោយឡែកភាគីថៃក៏មានចំណុចល្អខ្លះដែលកម្ពុជាទទួលយកបានដូចគ្នា។ ប្រមុខការពារជាតិកម្ពុជា ក៏បានរំលេចប្រសាសន៍របស់ លោក អគ្គមេបញ្ជាការកងទ័ពម៉ាឡេស៊ី លើកឡើងថា «Peace is Expensive, Life is Precious, Time is Essence» «សន្តិភាពពិតជាមានតម្លៃ ជីវិតពិតជាថ្លៃថ្លា ពេលវេលាគឺមានកំណត់»៕

To Top