ភ្នំពេញ ៖ ស្ថានទូតចិន ប្រចាំកម្ពុជា មានឆន្ទៈបន្តផ្តល់ជំនួយដល់ជនភៀសសឹកកម្ពុជា ដែលរងគ្រោះដោយសារជម្លោះព្រំដែន ទៅតាមលទ្ធភាពរបស់ខ្លួន។

តាមរយៈបណ្ដាញសង្គមហ្វេសប៊ុក នៅយប់ថ្ងៃទី៦ ខែសីហា ឆ្នាំ២០២៥ លោក វ៉ាង វិនពិន (Wang Wenbin) ឯកអគ្គរដ្ឋទូតចិនប្រចាំកម្ពុជា បានឱ្យដឹងថា ថ្ងៃនេះ លោកទីប្រឹក្សា Lu Qizhi ប្រធានការិយាល័យកុងស៊ុលស្ថានទូតចិនប្រចាំនៅខេត្តសៀមរាប បានប្រគល់មូលប្បទានប័ត្រចំនួន ១០ម៉ឺនដុល្លារ ជូនលោក មាន ចាន់យ៉ាដា អភិបាលខេត្តឧត្តរមានជ័យ និងតំណាងជនភៀសសឹកក្នុងភូមិពោធិ៍ចាស់ ដើម្បីជួយកែលំឣជីវភាពរស់នៅរបស់ពួកគាត់។
លោក ឯកអគ្គរដ្ឋទូតចិន គូសបញ្ជាក់ថា «ស្ថានទូតចិនប្រចាំកម្ពុជាមានឆន្ទៈបន្តផ្តល់ជំនួយដល់ជនភៀសសឹកកម្ពុជាដែលរងគ្រោះដោយសារជម្លោះព្រំដែនទៅតាមលទ្ធភាពរបស់ខ្លួន»។
សូមរំលឹកថា ស្ថានទូតចិនប្រចាំកម្ពុជា បានផ្តល់ជំនួយចំនួន ១០ម៉ឺនដុល្លា ដល់ប្រជាពលរដ្ឋនៅទីតាំងជនភៀសខ្លួន នៅវត្តភ្នំថ្មកំបោរ ភូមិពោធិ៍ចាស់ ឃំបេង ស្រុកបន្ទាយឣំពិល ខេត្តឧត្តរមានជ័យ ដើម្បីជួយកែលំឣជីវភាពរស់នៅ៕
