ព័ត៌មានជាតិ

រាជរដ្ឋាភិបាល ដោះស្រាយបញ្ហាដោយសន្តិវិធី ដើម្បីបញ្ចប់ជម្លោះរវាងកម្ពុជា-ថៃ ឲ្យបានឆាប់រហ័ស

ភ្នំពេញ ៖ រាជរដ្ឋាភិបាលកម្ពុជា នៅតែប្រកាន់ជំហរដាច់ខាតក្នុងកិច្ចការពារបូរណភាពភាពទឹកដី និងការដោះស្រាយបញ្ហាជម្លោះដោយសន្តិវិធី ដើម្បីបញ្ចប់ជម្លោះរវាងកម្ពុជានិងថៃ ឲ្យបានឆាប់រហ័ស។

តាមរយៈបណ្ដាញសង្គមហ្វេសប៊ុកផ្លូវការ នៅយប់ថ្ងៃទី៦ ខែសីហា ឆ្នាំ២០២៥ សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីកម្ពុជា មានការរំភើបដោយក្នុងមួយរយៈនេះ បានឃើញនូវស្មារតីស្នេហាជាតិ សាមគ្គីឯកភាពជាតិរបស់ប្រជាពលរដ្ឋខ្មែរនៅទូទាំងពិភពលោក ដែលបានរៀបចំប្រមូលគ្នាសំដែងមតិគាំទ្រទៅដល់សន្តិភាព គាំទ្រដល់កងកម្លាំងរបស់យើងក្នុងកិច្ចការការពារបូរណៈភាពទឹកដី ក៏ដូចជា ការទាមទារឲ្យថៃដោះលែងយោធិនយើងចំនួន១៨រូប ដែលស្ថិតក្រោមការឃុំគ្រងរបស់កងទ័ពថៃ។

ក្នុងនាមរាជរដ្ឋាភិបាលកម្ពុជា និងក្នុងនាមខ្លួន សម្ដេច ផ្ទាល់ សម្ដេច បានអរគុណចំពោះប្រជាពលរដ្ឋខ្មែរទាំងក្នុងប្រទេស និងក្រៅប្រទេសនូវទឹកចិត្តដ៏ថ្លៃថ្លានេះ។ សកម្មភាពទាំងអស់នេះ គឺបង្ហាញយ៉ាងច្បាស់នូវស្មារតីស្នេហាជាតិ សាមគ្គីឯកភាពជាតិ ដែលជាកត្តាសំខាន់របស់ជាតិខ្មែរយើង ជាពិសេសគឺបង្ហាញយ៉ាងច្បាស់នូវស្មារតីស្រឡាញ់សន្តិភាព ដើម្បីឈានទៅបញ្ចប់សង្គ្រាម។

សម្ដេច នាយករដ្ឋមន្ដ្រី គូសបញ្ជាក់ថា «រាជរដ្ឋាភិបាលនៅតែប្រកាន់ជំហរដាច់ខាតក្នុងកិច្ចការពារបូរណភាពភាពទឹកដី និងការដោះស្រាយបញ្ហាជម្លោះដោយសន្តិវិធី ដើម្បីបញ្ចប់ជម្លោះរវាងកម្ពុជានិងថៃអោយបានឆាប់រហ័ស។ ថ្ងៃស្អែកទី៧ ខែសីហា នឹងមានកិច្ចប្រជុំពិសេសនៃគណៈកម្មាធិការព្រំដែនទូទៅកម្ពុជា-ថៃ (GBC) រវាងកម្ពុជានិងថៃ នៅប្រទេសម៉ាឡេស៊ី ដោយមានការចូលរួមសង្កេតការណ៍ពីម៉ាឡេស៊ី សហរដ្ឋអាមេរិក និងចិន ដើម្បីពិភាក្សាគ្នាអំពីការជំរុញអនុវត្តបទឈប់បាញ់ ដែលបានឯកភាពគ្នាកាលពីថ្ងៃទី ២៨ កក្កដា ២០២៥កន្លងទៅ»។

សម្ដេច នាយករដ្ឋមន្ដ្រី បន្ដថា «ទន្ទឹមនេះ យើងក៏មិនភ្លេចយោធិនកម្ពុជាទាំង ១៨រូបដែលស្ថិតក្រោមការឃុំគ្រងរបស់កងទ័ពថៃ ដោយរាជរដ្ឋាភិបាលបាននិងកំពុងបន្តព្យាយាមតាមរយៈគ្រប់យន្តការ ដើម្បីទាមទាឲ្យមានការដោះលែងពួកគេ ឲ្យវិលត្រលប់មកកម្ពុជាវិញឲ្យបានឆាប់រហ័សជាទីបំផុត»៕

To Top