ព័ត៌មានជាតិ

អាមេរិក ត្រៀមដាក់ប្រព័ន្ធឃ្លាំមើល តាមអាកាស ដើម្បីឲ្យមានសន្តិភាព ពិតប្រាកដរវាង កម្ពុជា-ថៃ

ភ្នំពេញ ៖ អាមេរិក ត្រៀមដាក់ប្រព័ន្ធឃ្លាំមើលតាមអាកាស និងសម្ភារបច្ចេកទេសទំនើបជាច្រើនទៀត ដើម្បីចូលរួមឲ្យមានសន្តិភាព ពិតប្រាកដរវាង កម្ពុជា-ថៃ។

តាមរយៈបណ្ដាញសង្គមផ្លូវការ នៅយប់ថ្ងៃទី៦ ខែសីហា ឆ្នាំ២០២៥ នាយឧត្តមសេនីយ៍ ទៀ សីហា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិកម្ពុជា បានឱ្យដឹងថា ថ្ងៃនេះ លោក បានជួបជាមួយ នាយឧត្តមនាវី Samuel Paparo មេបញ្ជាការ បញ្ជាការដ្ឋានឥណ្ឌូប៉ាស៊ីហ្វិក សហរដ្ឋអាមេរិក (USINDOPACOM) និងលោក Edgard Kagan ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិក ប្រចាំនៅប្រទេសម៉ាឡេស៊ី ។

ក្នុងកិច្ចជំនួប លោក បានបញ្ជាក់ពីជំហរ របស់សហរដ្ឋអាមេរិក ក្នុងការគាំទ្របទឈប់បាញ់ ដែលលោកប្រធានាធិបតី Donald Trump (ដូណាល់ ត្រាំ) បានផ្តួចផ្តើម ដោយដឹកនាំពីភាគីម៉ាឡេស៊ី ជាប្រធានអាស៊ានប្តូរវេណ ក្នុងការអនុវត្តបទឈប់បាញ់ ។

លោកទាំងពីរ ក៏បានបញ្ជាក់ថា «នឹងតាមដានឲ្យការអនុវត្តនេះប្រកបដោយភាពជោគជ័យ និងមានប្រសិទ្ធភាព។ លោកនឹងចូលរួមគាំទ្រ ផ្នែកភស្តុភា និងបច្ចេកទេសសំខាន់ៗ ដើម្បីបង្កើតក្រុមការងារអ្នកសង្កេតការណ៍អាស៊ាន (AMT) ឲ្យបានលឿនបំផុត»។

ថែមទាំង បានបង្ហាញពីអ្វីដែលជាការអនុវត្តបន្តរបស់សហរដ្ឋអាមេរិក រួមមាន៖ ការធ្វើផែនការយោធា, គ្រឿងបរិក្ខារ, ប្រព័ន្ធបញ្ជូនកម្លាំង, ប្រព័ន្ធឃ្លាំមើលតាមអាកាស និងសម្ភារបច្ចេកទេសទំនើបជាច្រើនទៀត។ ទាំងនេះបង្ហាញពីការត្រៀមខ្លួនរបស់ពួកគាត់ ក្នុងការចូលរួមឲ្យមានសន្តិភាពពិតប្រាកដ។

សូមរំលឹកថា នាយឧត្តមសេនីយ៍ ទៀ សីហា បានដឹកនាំគណៈប្រតិភូយោធាជាន់ខ្ពស់ នៃកងយោធពលខេមរភូមិន្ទ ទៅចូលរួមកិច្ចប្រជុំវិសាមញ្ញ គណៈកម្មាធិការព្រំដែនទូទៅ កម្ពុជា-ថៃ (GBC) ដែលមានតំណាងមកពីប្រទេសម៉ាឡេស៊ី សហរដ្ឋអាមេរិក និងប្រទេសចិន ចូលរួមសង្កេតការណ៍ ក្នុងប្រជុំវិសាមញ្ញគណៈកម្មាធិការព្រំដែនទូទៅ (GBC) ដែលប្រព្រឹត្តទៅនៅទីក្រុង កូឡាឡាំពួរ ប្រទេសម៉ាឡេស៊ី៕

To Top