ភ្នំពេញ ៖ លោកសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល បានលើកឡើងថា ម៉ាឡេស៊ី និងកម្ពុជា រក្សាកិច្ចសហប្រតិបត្តិការទ្វេភាគីដ៏ល្អ និងសម្រេចបាននូវលទ្ធផលផ្លែផ្កា លើការអភិវឌ្ឍវិស័យសុខាភិបាល ជាពិសេសការលើកកម្ពស់សុខុមាលភាព ប្រជាជនកម្ពុជា។
ការលើកឡើងរបស់លោករដ្ឋមន្រ្តីនេះ ក្នុងឱកាសអនុញ្ញាតឲ្យលោកស្យាហារ៉ូឌីន អ៊ន ឯកអគ្គរាជទូតម៉ាឡេស៊ីកម្ពុជា ចូលសម្តែងការគួរសម និងពិភាក្សាការងារលើកិច្ច សហប្រតិបត្តិការកម្ពុជា-ម៉ាឡេស៊ី នាថ្ងៃ៦ សីហា ។

សាស្ត្រាចារ្យរដ្ឋមន្ត្រីសង្កត់ធ្ងន់ថា រដ្ឋាភិបាលម៉ាឡេស៊ីពង្រឹង កិច្ចសហការគាំទ្រ វិស័យសុខាភិបាល ដោយបានចូលរួមចំណែកលើកកំពស់ សុខុមាលភាពប្រជាជនកម្ពុជា ធ្វើឲ្យប្រសើរឡើងប្រព័ន្ធសុខាភិបាល នៅកម្ពុជានាពេលកន្លងមក ។

ចំណែកឯកអគ្គរាជទូតវិញ បានបង្ហាញ អំពីជំហរដ៏រឹងមាំក្នុងការពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការ លើវិស័យសុខាភិបាលបន្ថែមទៀត រួមមាន ៖ ការបណ្តុះបណ្តាលធនធានមនុស្ស , ការផ្លាស់ប្តូរបទពិសោធន៍ , ការសហការស្រាវជ្រាវពីជំងឺគ្រុនឈាម , ជំងឺគ្រុនចាញ់ និងសុខភាពទេសចរ ។

លោកឯកអគ្គរាជទូតក៏បញ្ជាក់ថា កម្ពុជា-ម៉ាឡេស៊ី តាមរយៈជំនួបនេះបានបង្ហាញជាថ្មីម្តងទៀត ពីការប្តេជ្ញារួមគ្នាស្វាគមន៍ កិច្ចសហប្រតិបត្តិការជាដៃគូល្អ មិត្តល្អ ពង្រឹង និងពង្រីកភាពជិតស្និទ្ធរវាងវិស័យសុខាភិបាល នៃប្រទេសទាំងពីរ ដើម្បីលើកកម្ពស់សុខុមាលភាព របស់ប្រជាជនកម្ពុជា ស្របតាមយុទ្ធសាស្រ្តបញ្ចកោណ ដំណាក់កាលទី១ នៃរាជរដ្ឋាភិបាលអាណត្តិទី៧ ៕








